(តូក្យូ)៖ ទីក្រុង Tokyo របស់ជប៉ុន អាចនឹងធ្វើជាម្ចាស់ផ្ទះ ជុំនៃការប្រណាំងរថយន្តអគ្គីសនីលំដាប់ពិភពលោក FIA Formula E World Championship នៅឆ្នាំ២០២៤ ខាងមុខ បន្ទាប់ពី Formula E និងរដ្ឋបាលទីក្រុង Tokyo Metropolitan បានចុះកិច្ចព្រមព្រៀងមួយនៅថ្ងៃពុធ។ នេះបើយោងតាមសារព័ត៌មានស៊ិនហួ ចេញផ្សាយនាថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២។

អភិបាលទីក្រុង Tokyo លោកស្រី Yuriko Koike និងលោក Jamie Reigle នាយកប្រតិបត្តិព្រឹត្តិការណ៍ Formula E បានចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់មួយ នៅឯទីស្នាក់ការកណ្តាល Tokyo Metropolitan Government ក្នុងគោលបំណង ដើម្បីនាំយកការប្រណាំងរថយន្តនេះទៅកាន់ជប៉ុន នៅរដូវផ្ការីក ឆ្នាំ២០២៤។

កិច្ចព្រមព្រៀងនេះ នឹងដាក់សុំការអនុម័ត ពីស្ថាប័ន FIA ហើយទីតាំងប្រណាំងអាចនឹងធ្វើឡើងនៅតំបន់ជុំវិញ Tokyo Big Sight ដែលជាមជ្ឈមណ្ឌលពិព័រណ៌អន្តរជាតិធំជាងគេបំផុត នៅក្នុងប្រទេសជប៉ុន។ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់ Formula E។

សូមជម្រាបថា ព្រឹត្តិការណ៍ប្រណាំងរថយន្តអគ្គីសនីសុទ្ធ Formula E បានចាប់ផ្តើមក្នុងឆ្នាំ២០១៤ ដោយបានចាប់ផ្តើមដំបូង នៅតាមបណ្តោយផ្លូវស្ថិតក្នុងរដ្ឋធានី Beijing របស់ចិន៕