(ភ្នំពេញ)៖ លោក Raja Randhir Singh ប្រធានស្តីទីក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) បានបង្ហាញការជឿជាក់យ៉ាងមុតមាំថា កម្ពុជាមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីរៀបចំការប្រកួតកីឡាអាស៊ី (Asian Games) នាថ្ងៃអនាគត។ ការលើកឡើងនេះក្រោយបញ្ចប់មហាសន្និបាត OCA លើកទី៤១ ដោយជោគជ័យនៅកម្ពុជា កាលពីថ្ងៃទី០១-០៥ ខែតុលាកន្លងទៅ។

ការបង្ហាញសុទិដ្ឋិនិយមនេះ បន្ទាប់ពីលោក ក៏ដូចជាប្រតិភូអូឡាំពិកនៃបណ្ដាប្រទេសដទៃ បានធ្វើដំណើរទស្សនកិច្ចមើលហេដ្ឋារចនាសម្ព័ន្ធកីឡារបស់កម្ពុជា ពិសេសពហុកីឡដ្ឋានជាតិមរតកតេជោ ដែលត្រៀមទទួលរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ខាងមុខ។ ផ្អែកលើសមិទ្ធផលដែលកម្ពុជាមាននេះ លោកជឿជាក់កម្ពុជា ក៏អាចរៀបចំការប្រកួតកីឡាអាស៊ីបានដែរ ពិសេសគឺកម្ពុជាមានការយកចិត្តទុកដាក់ និងគាំទ្រពេញទំហឹងពីប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

ប្រធានស្ដីទីដដែលបានបញ្ជាក់ថា «ពិតណាស់ឆ្នាំ២០២៩ កម្ពុជានឹងរៀបចំកីឡាយុវជនអាស៊ី ស្ថិតក្នុងដែននៃការរៀបចំរបស់កម្ពុជា។ ខ្ញុំជឿថាថ្ងៃអនាគត កម្ពុជាក៏អាចទទួលរៀបចំកីឡាអាស៊ី។ ហេតុអ្វីមិនអាច? ខ្ញុំជឿលើសមត្ថភាពរបស់កម្ពុជា។ កម្ពុជាមានព្រឹត្តិការណ៍កីឡា២ គឺស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម បន្ទាប់មកកីឡាយុវជនអាស៊ី។ អ៊ីចឹងកម្ពុជាក៏អាចទទួលរៀបចំកីឡាអាស៊ីដែរ។ ខ្ញុំចង់លើកឡើងថា ចំនួនអត្តពលិកនឹងកើន ហើយមានគ្រូល្អៗ សម្ភារកីឡាល្អៗ ហើយការចូលរួមប្រកួតក្នុងព្រឹត្តិការណ៍កាន់តែច្រើន នឹងធ្វើឲ្យសិទ្ធផលកើនឡើង»។

លោក Raja Randhir Singh បានបន្ថែមថា កីឡាកម្ពុជា កំពុងសម្លឹងឃើញការអភិវឌ្ឍស្ដង់ដារក្នុងប្រទេស និងជាជំហានដ៏ត្រឹមត្រូវ ក្រោមការដឹកនាំ និងយកចិត្តទុកដាក់របស់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ហើយការរៀបចំនូវការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមនាឆ្នាំក្រោយ គឺជាការជំរុញដល់យុវជន និងផ្ដល់ចំណេះដឹងដល់កុមារជាច្រើន ដែលបានក្លាយជាផ្នែកមួយនៃព្រឹត្តិការណ៍នេះ។ ដូច្នេះវាងនឹងដំណើរការដោយរលូន និងទទួលបានជោគជ័យសម្រាប់ប្រទេសកម្ពុជា៕