(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់កូរ៉េខាងត្បូង Samsung Electronic កំពុងប្រឈមមុខនឹងការធ្លាក់ចុះបា្រក់ចំណេញខ្ទង់ ២៥ភាគរយក្នុងត្រីមាសទី៣ ឆ្នាំ២០២២ ដែលជាការធ្លាក់ចុះជាលើកដំបូងក្នុងរយៈពេល ៣ឆ្នាំ ជុំវិញបញ្ហាសេដ្ឋកិច្ច។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២។

ប្រភពពីអ្នកវិភាគ Refinitiv SmartEstimate បានឱ្យដឹងថា ប្រាក់ចំណេញប្រតិបត្តិការរបស់ Samsung ដែលជាក្រុមហ៊ុនផលិត memory chip និងស្មាតហ្វូនដ៏ធំបំផុតរបស់ពិភពលោក ទំនងជាអាចធ្លាក់ចុះជិតមួយភាគបីនៃប្រាក់ចំណេញមកនៅត្រឹម ៨.៣ពាន់លានដុល្លារ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ លើសពីនេះទៅទៀតប្រភពពីTrendForce បានគូសបញ្ជាក់ថា តម្លៃបន្ទះឈីប DRAM មួយចំនួនរបស់ Samsung ដែលប្រើប្រាស់នៅក្នុងកុំព្យូទ័រ និងស្មាតហ្វូនអាចនិងប្រឈមមុខធ្លាក់ចុះខ្ទង់ ១៤ភាគរយនៅក្នុងត្រីមាសខែកក្កដា ដល់ខែកញ្ញា ខណៈដែកតម្លៃសម្រាប់បន្ទះឈីប NAND flash ដែលប្រើក្នុងការផ្ទុកទិន្នន័យអាចនឹងធ្លាក់ចុះខ្ទង់ ៨ភាគរយផងដែរ។

យ៉ាងណាមិញផ្នែកអាជីវកម្មលក់ស្មាតហ្វូនរបស់ Samsung ក៏កំពុងប្រឈមមុខនឹងធ្លាក់ចុះប្រាក់ចំណេញផងដែរ តាមរយៈការព្យាករណ៍បានឱ្យបង្ហាញដឹងថា ផ្នែកនេះទំនងជាងធ្លាក់ចុះខ្លាំងដល់ខ្ទង់ ១៧ភាគរយ បើទោះបីជាការដាក់លក់ស្មាតហ្វូនដែលអាចបត់បានថ្មីរបស់ Samsung ក្នុងអំឡុងត្រីមាសនេះកំពុងបង្កើនតម្លៃលក់ជាមធ្យមក៏ដោយ។

គួរបញ្ជាក់ដែរថា អតិផរណានៅទូទាំងពិភពលោកកំពុងតែជាបញ្ហាចោទ ខណៈដែលក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនកំពុងប្រឈមមុខនឹងការដំឡើងអត្រាការប្រាក់យ៉ាងខ្លាំងក្លាពីធនាគារកណ្តាល ក៏ដូចជាការភ័យខ្លាចនៃវិបត្តិសេដ្ឋកិច្ចកំពុងកើនឡើង ហើយភាពមិនច្បាស់លាស់នៃសង្រ្គាមរវាងរុស្ស៊ី-អ៊ុយក្រែន នៅតែបន្ត ដែលបណ្តាលឱ្យវិស័យនានាជាច្រើនកំពុងទាញគ្នាធ្លាក់ចុះ៕