(បរទេស)៖ កាលពីសប្តាហ៍មុនក្រុមហ៊ុនផលិតបន្ទះឈីប TSMC បានជូនដំណឹងដល់អតិថិជនរបស់ខ្លួនដូចជា Apple និង Nvidia ថាខ្លួនមានគម្រោងដំឡើងតម្លៃបន្ទះឈីបនៅឆ្នាំក្រោយ។ ពោលគឺបន្ទះឈីប 8-inch chip wafers និងឡើងថ្លៃ ៦ភាគ ហើយ chip wafers 12-inch និងឡើងថ្លៃ ៥ភាគរយ ខណៈភ្លាមៗនោះ Apple ថាខ្លួននឹងមិនទទួលយកការដំឡើងថ្លៃនោះទេ ប៉ុន្តែព័ត៌មានថ្មីៗនេះបង្ហាញថា Apple ព្រមទទួលតម្លៃថ្មីដែលកំណត់ដោយ TSMC ដោយមិនមានការតវ៉ា។ នេះបើយោងតាមការចេញផ្យាយរបស់សារព័ត៌មាន 9TO5Mac នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២។

ប្រភពបានឱ្យដឹងថា Apple គឺជាអតិថិជនដ៏សំខាន់មួយរបស់ TSMC ដែលក្រុមហ៊ុននេះជាអ្នកផ្គត់ផ្គង់បន្ទះឈីប និងឧបករណ៍ជាច្រើនសម្រាប់ Apple កន្លងមកដូចជាឈីបប្រើនៅលើ iPhone, iPad និង Mac ជាដើម។ បើគិតទៅលើចំនួននៃការបញ្ជាទិញពី Apple ជាច្រើនជារៀងរាល់ឆ្នាំ វាកាន់តែងាយស្រួលសម្រាប់ Apple ក្នុងការចចារតម្លៃឱ្យកាន់តែទាបជាងនេះ ប៉ុន្តែយ៉ាងណាក្តីត្រូវបានគេអះអាងថា ការឡើងថ្លៃគឺមិនអាចជៀងរួចនោះទេ ទាំងនេះក៏ដោយសារតែស្ថានភាពសេដ្ឋកិច្ចពិភពលោក។

តែយ៉ាងណាទាក់ទិននឹងការតម្លើងថ្លៃបន្ទះឈីបនេះ មិនទាន់មានការអះអាងច្បាស់លាស់ណាមួយដែលថា TSMC នឹងតម្លើងថ្លៃបន្ទះឈីប 3nm ឬបន្ទះឈីបជំនាន់ក្រោយបន្ទាប់របស់ខ្លួននោះទេ។ ដោយឡែកជុំវិញបញ្ហានេះ គេរំពឹងថា iPhone 15 ជំនាន់ក្រោយរបស់ Apple ទំនងជាអាចនឹងឡើងថ្លៃផងដែរ ខណៈApple នឹងប្រើបន្ទះឈីបថ្លៃនេះសម្រាប់តែម៉ូដែលកំពូលរបស់ខ្លួនប៉ុណ្ណោះ ដូចជាកន្លងមក iPhone 14 Pro ប្រើឈីបថ្មី A16 Bionic ចំណែក iPhone 14 ធម្មតា ប្រើត្រឹមឈីបចាស់ A15៕