(ភ្នំពេញ)៖ យោងតាមអ្នកជំនាញខាងផ្នែកវាយតម្លៃអចលនទ្រព្យ បានលើកឡើងថា បច្ចុប្បន្ននេះដំណើរការនៃការវាយតម្លៃអចលនទ្រព្យ និងគុណភាពនៃការវាយតម្លៃអចលនទ្រព្យក្នុងប្រទេសកម្ពុជា មានកម្រិតស្តង់ដារខ្ពស់ដូចជាបណ្ដាប្រទេសជឿនលឿនមួយចំនួនដូចជា ប្រទេសអឺរ៉ុប ចក្រភពអង់គ្លេស កូរ៉េ ជប៉ុន ឬក៏ប្រទេសអាស៊ានមួយចំនួនផងដែរ។

លោក នាក់ សុផាត ជានាយកផ្នែកខាងវាយតម្លៃអចលនទ្រព្យនៃក្រុមហ៊ុន Lucky Realty Co,.Ltd បានលើកឡើងថា «ជាទូទៅ ការវាយតម្លៃអចលនទ្រព្យត្រូវធ្វើដោយអ្នកមានជំនាញខាងវិស័យអចលនទ្រព្យ ដើម្បីឲ្យការវាយតម្លៃមានលក្ខណៈសមស្រប និងអាចទទួលយកបានដែលអាចជួយការពារផលប្រយោជន៍គ្រប់ភាគីពាក់ព័ន្ធទាំង អ្នកទិញ អ្នកលក់ វិនិយោគិន និងអ្នកអភិវឌ្ឍន៍ ស្ថាប័នធនាគារ និងវិស័យឯកជន ដើម្បីភាពជោគជ័យ និងផលប្រយោជន៍រយៈពេលវែង។ វាជាដំណើរការនៃការផ្ដល់ ឬបង្កើតគំនិតប្រកបដោយសុភវិនិច្ឆ័យទៅលើតម្លៃអចលនទ្រព្យមួយ ឬច្រើន ដោយផ្អែកលើវិធីសាស្រ្ត/រូបមន្ត និងការអង្កេតច្បាស់លាស់របស់អ្នកវាយតម្លៃ»

លោកក៏បានបន្ថែមទៀតថា ការវាយតម្លៃអចលនទ្រព្យត្រូវបានធ្វើឡើងក្នុងគោលបំណងខុសៗគ្នា អាស្រ័យទៅតាមភាពចាំបាច់ និងតម្រូវការរបស់អ្នកស្នើសុំ។ ឧទាហរណ៍ អ្នកចង់ខ្ចីលុយធនាគារមួយ ហើយជាលក្ខខណ្ឌតម្រូវឲ្យអ្នកត្រូវតែមានទ្រព្យធានាសម្រាប់ការស្នើសុំខ្ចីប្រាក់នោះ ដូច្នេះហើយដើម្បីឲ្យធនាគារអាចផ្ដល់កម្ចីឲ្យអ្នកតាមការស្នើសុំ ធនាគារតម្រូវឲ្យអ្នកវាយតម្លៃអចលនទ្រព្យរបស់អ្នកជាមុនសិន។ ឧបមាថា អចលនទ្រព្យរបស់អ្នកត្រូវបានអ្នកជំនាញវាយតម្លៃឲ្យបានត្រឹម $1,000,000 (មួយលានដុល្លារ) ដូច្នេះមានន័យថា ធនាគារខ្លះអាចផ្ដល់កម្ចីឲ្យបាននៅចន្លោះរវាងពី 50% ទៅ 70% នៃតម្លៃទ្រព្យបញ្ចាំនោះ។

ចំណែកឯលោក ឌិត កុសល ជានាយកប្រតិបត្តិប្រចាំក្រុមហ៊ុនអចលនទ្រព្យ Lucky Realty Co,.Ltd បានលើកឡើងថា ក្រុមហ៊ុន Lucky Realty Co,.Ltd ជាក្រុមហ៊ុនអចលនទ្រព្យមួយដែលរីកលូតលាស់លឿនបំផុត និងឈានមុខគេមួយក្នុងចំណោមក្រុមហ៊ុនធំៗក្នុងប្រទេសកម្ពុជា ហើយក្រុមហ៊ុនផ្ដល់ជូនដល់អតិថិជននៅគុណតម្លៃដ៏ល្អបំផុត ទាំងផ្នែកសេវាកម្មអចលនទ្រព្យ និងផ្នែកវាយតម្លៃអចលនទ្រព្យ។

លោក ឌិត កុសល បន្ថែមថា ចំណែកឯបុគ្គលិក ពោរពេញទៅដោយបទពិសោធន៍ច្រើនឆ្នាំ ប្រកបទៅដោយវិជ្ជាជីវៈស្តង់ដារកម្រិតខ្ពស់ ព្រមទាងបុគ្គលិកជំនាញដែលមានការបណ្ដុះបណ្ដាលកម្រិតខ្ពស់ផងដែរ។ ក្រុមហ៊ុន មានទិន្នន័យច្រើន ប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាខ្ពស់ និងមានប្រព័ន្ធការងារច្បាស់លាស់ ល្បឿនការងារលឿនប្រកបទៅដោយគុណភាពខ្ពស់ជាទីទុកចិត្តរបស់អតិថិជន៕