(ដូហា)៖ កាតា បានណែនាំឲ្យបុគ្គលិកភាគច្រើនរបស់រដ្ឋាភិបាលធ្វើការពីផ្ទះ នៅអំឡុងពេលព្រឹត្តិការណ៍ប្រកួតបាល់ទាត់ World Cup នៅខែក្រោយ ខណៈសាលារៀន នឹងកាត់បន្ថយម៉ោងសិក្សារយៈពេល ២សប្តាហ៍ មុនពេលព្រឹត្តិការណ៍ចាប់ផ្តើម និងត្រូវបិទទាំងស្រុងអំឡុងពេលព្រឹត្តិការណ៍ នៅពេលប្រទេសត្រៀមខ្លួន សម្រាប់ការហូរចូលនៃភ្ញៀវទេសចរដ៏ច្រើន។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២។

កាតា ជាប្រទេសនៅតំបន់មជ្ឈិមបូព៌ាដំបូងគេបង្អស់ដែលបានទទួលសិទ្ធិធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ World Cup ឆ្នាំ២០២២ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី២០ ខែវិច្ឆិកា ហើយនឹងបិទបញ្ចប់នៅថ្ងៃទី១៨ ខែធ្នូ។

ប្រទេសអ្នកមានមួយនេះរំពឹងថា ព្រឹត្តិការណ៍នេះនឹងទាក់ទាញអ្នកទស្សនាប្រមាណ ១.២លាននាក់ ឬក៏ស្មើនឹងជិតពាក់កណ្តាលនៃអត្រាប្រជាជនរបស់ខ្លួន ដែលនឹងបង្កជាបញ្ហាលើការដឹកជញ្ជូន និងការខ្វះខាតមន្ត្រីប៉ូលិសរក្សាសន្តិសុខ។

រដ្ឋាភិបាល បានលើកឡើងកាលពីយប់ថ្ងៃពុធថា ៨០ភាគរយនៃបុគ្គលិករបស់ខ្លួន នឹងត្រូវធ្វើការពីផ្ទះចម្លោះពីថ្ងៃទី០១ ខែវិច្ឆិកា ដល់ថ្ងៃទី១៩ ខែធ្នូ។

សាលារៀនរដ្ឋ និងឯកជន នឹងត្រូវបន្ថយពេលវេលាសិក្សាមកនៅត្រឹមថ្ងៃត្រង់ ចម្លោះពីថ្ងៃទី០១ ដល់ថ្ងៃទី១៧ ខែវិច្ឆិកា ហើយក្រោយមកនឹងត្រូវបិទទាំងស្រុង នៅអំឡុងពេលព្រឹត្តិការណ៍ World Cup ហើយយ៉ាងហោចណាស់ ត្រូវបិទរហូតដល់ថ្ងៃទី២២ ខែធ្នូដែរ៕