(ភ្នំពេញ)៖ ក្រុមជម្រើសជាតិយុវជនអាយុក្រោម ១៧ឆ្នាំកម្ពុជា នឹងត្រូវធ្វើការងារកាន់តែធ្ងន់បន្ថែមទៀត ដ្បិតត្រូវជួបក្រុមខ្លាំង U17 អូស្ដ្រាលីនារសៀលថ្ងៃសុក្រនេះ ដែលជាក្រុមទើបបំបាក់គូប្រជែង U17 កោះម៉ារីអាណាខាងជើង ២៣-០ ក្នុងថ្ងៃបើកឆាកវគ្គជម្រុះពាន AFC U17 Asian Cup 2023 កាលពីថ្ងៃពុធកន្លងទៅ។
នេះគឺជាការប្រកួតទី២ ក្នុងពូល G របស់ក្រុមគោព្រៃជំទង់កម្ពុជា ក៏ដូចជាក្រុមម្ចាស់ផ្ទះ។ សម្រាប់ប្រកួតដំបូង កម្ពុជា បានចាញ់ក្រុម U17 ចិន ក្នុងលទ្ធផល ៩-០ ខណៈក្រុមយុវជនអូស្ដ្រាលី ធ្វើបានយ៉ាងល្អ ដោយបានលត់ក្រុមកោះម៉ារីអាណាខាងជើងយ៉ាងចាស់ដៃ ដើម្បីគ្រងកំពូលតារាងបណ្ដោះអាសន្ន។
តាមរយៈនេះ ក្រុមយុវជន U17 កម្ពុជា នឹងត្រូវធ្វើការងារធ្ងន់ក្នុងជំនួបនាម៉ោង ៣៖៣០នាទីរសៀល (ម៉ោងនៅកម្ពុជា) ស្របពេលក្រុមយុវជនអូស្ដ្រាលីកំពុងត្រូវការជ័យជម្នះបន្ថែមទៀត ដើម្បីប្រជែងកៅអីវគ្គបន្ដ។ ប៉ុន្ដែមុនឈានដល់ការប្រកួតនេះ ក៏មានជំនួបក្នុងពូល រវាងក្រុម U17 កោះម៉ារីអាណាខាងជើង និងចិនផងដែរ។
គួរដឹងថា ក្នុងពូល G នៃវគ្គជម្រុះពានរង្វាន់ AFC U17 Asian Cup 2023 គឺមានបេក្ខភាពប្រកួតប្រជែង ៤ក្រុម ខណៈប្រកួតចុងក្រោយរបស់ក្រុមគោព្រៃជំទង់កម្ពុជា នឹងត្រូវជួបក្រុមយុវជនកោះម៉ារីអាណាខាងជើង នាថ្ងៃទី០៩ ខែតុលា ឆ្នាំ២០២២ ខាងមុខ៕