(ដូហា)៖ ខ្សែប្រយុទ្ធ Lionel Messi ដោយថ្លែងក្តីច្បាស់ក្នុងចិត្តថា World Cup 2022 នៅប្រទេសជាពេលចុងក្រោយ សម្រាប់គាត់ដែលលេងពានលំដាប់ពិភពលោកមួយនេះ។
នេះមានន័យថា កីឡាករវ័យ ៣៤ឆ្នាំដែលកំពុងប្រកបអាជីពក្នុងក្លិបបារាំង Paris Saint-Germain ត្រូវបានបង្ហាញខ្លួន នៅ World Cup លើកទី៥ គិតចាប់តាំងពីបានលេងពាន ៤ឆ្នាំម្តងនេះ ក្នុងឆ្នាំ២០០៦ មក ដ្បិតពុំធ្លាប់ឈ្នះពាននេះជាមួយក្រុមជម្រើសជាតិអាហ្សង់ទីនក៏ដោយ បានត្រឹមរងជើងឯកម្តងកាលឆ្នាំ២០១៤ នៅប្រទេសប្រេស៊ីល។
Messi បានថ្លែងប្រាប់ BBC ដោយប្រាកដក្នុងចិត្តថា «ពិតណាស់ World Cup 2022 ជាពេលចុងក្រោយសម្រាប់ខ្ញុំ។ ពេលនេះខ្ញុំបានកំពុងរាប់ថយក្រោយចំពោះការមកដល់នៃ World Cup លើកទី២២ ដោយទន្ទឹងរង់ចាំថាតើមានអ្វីកើតឡើង និងទៅជាយ៉ាងណា?»។
នៅចាំបានថា ខ្សែប្រយុទ្ធជំនាញជើងឆ្វេង Lionel Messi ត្រូវបានកោះហៅចូលលេងក្នុងឈុតធំនៃជម្រើសជាតិពពកសអាហ្សង់ទីន ក្នុងឆ្នាំ២០០៥ និងលេងបាន ១៦៤ប្រកួត និងស៊ុតបាន ៩០គ្រាប់ផងដែរ និងត្រៀមលើសកំណត់ត្រាមិត្តរួមជាតិ Diego Maradona និង Javier Mascherano ក្នុងនាមបង្ហាញខ្លួននៅ World Cup បានច្រើនសម័យសម្រាប់អាហ្សង់ទីន។
អាហ្សង់ទីន ដែលធ្លាប់ឈ្នះពាន World Cup បាន ២ដងដែរនោះ បច្ចុប្បន្នឈរនៅលេខរៀងទី៣ ក្នុងតារាងចំណាត់ថ្នាក់ពិភពលោករបស់ FIFA ដែលត្រូវប៉ះក្រុមជម្រើសជាតិអារ៉ាប៊ីសាអូឌីត មិចស៊ិក និងប៉ូឡូញ ពីការប្រកួតសន្សំពិន្ទុរបស់ពួកគេក្នុងពូល C ចាប់ពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២ តទៅ៕