(បរទេស)៖ បន្ទាប់ពីកំពូលមហាសេដ្ឋីលោក Elon Musk បានស្នើសុំលក្ខណ្ឌមួយចំនួននៅពេលលោកសម្រេចដើរតាមកិច្ចព្រមព្រៀងទិញយក Twitter ក្នុងតម្លៃ ៤៤ពាន់លានដុល្លារកាលពីពេលថ្មីៗនោះ ពេលនេះចៅក្រមនៅរដ្ឋ Delaware បានចេញសេចក្តីសម្រេចហើយ ដោយបានបញ្ជាឱ្យបញ្ឈប់បណ្តឹងរវាងភាគីទាំងពីរនៅមុនថ្ងៃកាត់ក្តី ដោយត្រូវពន្យាពេលរហូតដល់ថ្ងៃទី២៨ ខែតុលាខាងមុខ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២។
ចៅក្រមរដ្ឋ Delaware អ្នកនាង Kathaleen McCormick បាននិយាយថា បណ្តឹង Twitter ប្រឆាំងនិង Musk នឹងត្រូវបានពន្យាពេលរហូតដល់ម៉ោង ៥លា្ងច ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ ដោយផ្តល់ពេលវេលាឱ្យកំពូលមហាសេដ្ឋីរូបនេះដើម្បីផ្តល់ហិរញ្ញប្បទានដល់ការកាន់កាប់ប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់លោក។ ប្រសិនបើប្រតិបត្តិការនេះមិនត្រូវបានធ្វើឡើងតាមពេលកំណត់ទេនោះ នាងនឹងកំណត់កាលបរិច្ឆទកាត់ក្តីបញ្ចប់នៅក្នុងខែវិច្ឆិកាខាងមុខតែម្តង។
យ៉ាងណាមិញសេចក្តីសម្រេចនេះត្រូវបានធ្វើឡើងតាមការស្នើសុំរបស់ Musk ហើយបានលុបចោលការគំរាមកំហែងដែលខុសប្រក្រតី ខណៈដែលភាគីខាង Twitter ត្រូវបានទាមទារឱ្យផ្តល់សក្ខីកម្មក្រោមសម្បថនៅសប្តាហ៍នេះ ដើម្បីបញ្ជាក់អំពីការអះអាងរបស់ Musk ថា Twitter បានបោកបញ្ឆោតលោក។
គួរបញ្ជាក់ផងដែរថា លោក Elon Musk បានស្នើសុំទិញបណ្ដាញសង្គម Twitter ក្នុងតម្លៃ ៤៤ពាន់លានដុល្លារអាមេរិក ហើយ Twitter ក៏យល់ព្រមលក់ ប៉ុន្តែក្រោយមកមហាសេដ្ឋីលំដាប់ទី១រូបនេះ បានស្នើឱ្យ Twitter បង្ហាញភស្ដុតាងអំពីគណនីក្លែងក្លាយ ដែលមានតិចជាង ៥ភាគរយ ប៉ុន្តែ Twitter មិនបានបង្ហាញតាមការស្នើសុំនោះទេ ទើបធ្វើឱ្យ Elon Musk សម្រេចចិត្តដើរចេញពីកិច្ចព្រមព្រៀងមួយនេះ ហើយ Twitter ក៏សម្រេចចិត្តប្ដឹងលោក Elon Musk តែម្ដង៕