(ភ្នំពេញ)៖ «យើងរួមគ្នាជួយកុមារតាមរយៈយុទ្ធនាការ ‘រត់ជាមួយសាយ!» នេះគឺជាសារដែលអំពាវនាវចេញពីក្រុមហ៊ុន Smart Axiata ដែលជាប្រតិបត្តិករទូរស័ព្ទចល័ត ឈានមុខគេនៅកម្ពុជា ខណៈក្រុមហ៊ុនចូលរួមគាំទ្រយុទ្ធនាការ «រត់ជាមួយសាយ» ដែលមានគោលបំណងរៃអង្គាសប្រាក់សម្រាប់មន្ទីរពេទ្យកុមារអង្គរ។

នៅក្នុងយុទ្ធនាការ «រត់ជាមួយសាយ» ចុងក្រោយបំផុតនេះ សិល្បករដ៏ល្បីឈ្មោះលោក អួន បឋម ហៅ «សាយ» នឹងរត់ក្នុងរយៈចម្ងាយ ៤សែនជំហានក្នុងរយៈពេល ៩ថ្ងៃ ពីរាជធានីភ្នំពេញទៅកាន់ទីក្រុងសៀមរាប។ ការរត់នេះក៏ដើម្បីអបអរខួបកំណើតគម្រប់ខួប ៣២ឆ្នាំរបស់សាយ និងដើម្បីរៃអង្គាសប្រាក់សម្រាប់ជួយដល់សហគមន៍វិញផងដែរ។

ជាផ្នែកមួយនៃការចូលរួមចំណែក និងការភ្ជាប់ខ្លួនទៅនឹងនិរន្តរភាពសហគមន៍ ក្រុមហ៊ុន Smart Axiata នឹងគាំទ្រដល់គំនិតផ្តួចផ្តើមសប្បុរសធម៌នេះតាមរយៈការបង្កើនការយល់ដឹង ការឧបត្ថម្ភប្រាក់សរុបចំនួន ១៥.០០០ដុល្លារអាមេរិកជូនដល់ការរៀបចំកម្មវិធី និងមន្ទីរពេទ្យកុមារអង្គរ និងអនុញ្ញាតឱ្យអ្នកប្រើប្រាស់បណ្តាញទូរស័ព្ទរបស់ខ្លួនទាំងអស់ ចូលរួមបរិច្ចាគថវិកាតាមរយៈការផ្ញើសារតាមទូរស័ព្ទ ដោយប្រើប្រាស់កូដ USSD និងតាមរយៈកម្មវិធីធនាគារចល័ត (Mobile Banking)។ តារាតាមបណ្តាញសង្គម (KOLs) របស់ក្រុមហ៊ុន Smart Axiata ដូចជា Lin Vee, Soy Senghour, Rainnie Dara, Reachny Kim, Sopheareach Vee, Jasmine Vee, Yaro, Khmera, Kimhong ក៏នឹងចូលរួមរត់ជាមួយ សាយ ផងដែរ។

តាមរយៈការគាំទ្រដល់យុទ្ធនាការនេះ ក្រុមហ៊ុន Smart Axiata សង្ឃឹមថានឹងបង្កើនការយល់ដឹងអំពីបញ្ហាសង្គមផ្សេងៗផងដែរ។

លោក Feiruz Ikhwan នាយកប្រតិបត្តិស្តីទីរបស់ក្រុមហ៊ុន Smart Axiata មានប្រសាសន៍ថា «ក្រៅពីការរៃអង្គាសថវិកានេះ យុទ្ធនាការនេះផ្ញើសារដ៏សំខាន់អំពីភាពចាំបាច់ក្នុងការជួយដល់កុមាររបស់យើងនាពេលបច្ចុប្បន្ន និងក្នុងពេលអនាគត។ យោងតាមអង្គការយូនីសេហ្វ ក្នុងឆ្នាំ២០១៨ អត្រាមរណភាពកុមារអាយុក្រោម ៥ឆ្នាំមាន ២៨នាក់បានស្លាប់ក្នុងចំណោម ១ ០០០នាក់។ យើងជឿជាក់ថា ជាមួយនឹងការគាំទ្រនេះពីក្រុមហ៊ុន Smart យើងអាចរួមចំណែកកាត់បន្ថយអត្រាមរណភាព និងជួយកុមារដទៃទៀតដែលត្រូវការការថែទាំសុខភាព»

បងប្អូន មិត្តភ័ក្តិ តារាល្បីៗ និងសាធារណជនទូទៅ អាចចូលរួមគាំទ្រដល់យុទ្ធនាការនេះទាំងអស់គ្នា និងចូលរួមរត់ជាមួយ សាយ ដើម្បីផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយ ព្រមទាំងលើកកម្ពស់របៀបរស់នៅប្រកបដោយសុខភាពល្អ ក៏ដូចជាកិច្ចស្វាគមន៍នូវកម្មវិធី SEAGAME2023 ដែលប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៅក្នុងឆ្នាំក្រោយនេះផងដែរ។ ក្រុមហ៊ុន Smart Axiata រំពឹងថា មនុស្សរាប់រយនាក់នឹងចូលរួមក្នុងការរត់នេះក្នុងមួយថ្ងៃៗ ដើម្បីនាំមកនូវភាពសប្បាយរីករាយនិងក្តីរំភើបចំពោះយុទ្ធនាការនេះ។

ក្រុមហ៊ុន Smart Axiata បានបរិច្ចាគថវិកាចំនួន ១ម៉ឺនដុល្លារដល់យុទ្ធនាការរៃអង្គាសថវិការបស់ សាយ ដែលបានចាប់ផ្តើមនៅខែតុលា និងបញ្ចប់នៅខែមករា បន្ទាប់ពីគាត់បានរត់ចម្ងាយជាង ២ ៤០៨ គ.ម ឆ្លងកាត់ខេត្តចំនួន ២១ ក្នុងរយៈពេល ៩៧ ថ្ងៃ។ យុទ្ធនាការនេះរៃអង្គាសបានសរុបជាង ៤៨ម៉ឺនដុល្លារ។ នៅក្នុងកម្មវិធីបរិច្ចាគថវិកានោះផងដែរ សិល្បករ Pleng រួមជាមួយតារាតាមបណ្តាញសង្គមដទៃទៀត ក៏បានចូលរួមជាមួយលោក សាយ ដើម្បីរត់ចម្ងាយ ១០ គីឡូម៉ែត្រនៅកោះពេជ្រផងដែរ។

សម្រាប់ព័ត៌មានបន្ថែម សូមតាមដានទំព័រហ្វេសប៊ុករបស់ក្រុមហ៊ុន Smart តាមរយៈ www.facebook.com/smartaxiata ឬចូលទៅកាន់គេហទំព័រ www.smart.com.kh