(ភ្នំពេញ)៖ នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ សមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) សមាគមធនាគារនៅកម្ពុជា (ABC) និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) បានរៀបចំកម្មវិធីជំនួបម្ចាស់អាជីវកម្មលើកទី៤ និងជំនួបរវាងសហគ្រាសធុនមីក្រូ តូច និងមធ្យម ជាមួយនឹងគ្រឹះស្ថានហិរញ្ញវត្ថុលើកទី២។

កម្មវិធីនេះធ្វើឡើងក្នុងគោលបំណងផ្សារភ្ជាប់គ្រឹះស្ថានហិរញ្ញវត្ថុ ដែលជាប្រភពផ្តល់ឥណទាន និងទុន ជាមួយនឹងសហគ្រាសធុនមីក្រូ តូច និងធម្យម និងសហគ្រិនស្រ្តី ដែលមានតម្រូវការដើមទុនសម្រាប់ពង្រីកអាជីវកម្មរបស់ពួកគេ។ ព្រឹត្តិការណ៍នេះក៏ផ្តល់ជាវេទិកាសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម និងសហគ្រិនស្រ្តីផងដែរ ដើម្បីទទួលបានព័ត៌មានថ្មីៗស្តីពីការទទួលបានសេវាហិរញ្ញវត្ថុ ការវិវត្តនៃវិស័យហិរញ្ញវត្ថុ និងជជែកពិភាក្សាអំពីឱកាស បញ្ហាប្រឈមថ្មីៗ និងដំណោះស្រាយចាំបាច់ក្នុងការជួយជ្រោមជ្រែងដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម និងសហគ្រិនស្រ្តី ពីសំណាក់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។

មានមតិស្វាគមន៍ក្នុងអង្គសិក្ខាសាលា លោក ស៊ាង សុបញ្ញា ប្រធានសមាគមសហគ្រិន វ័យក្មេងកម្ពុជា បានឲ្យដឹងថា ការរៀបចំកម្មវិធីនេះ គឺជាវេទិកាសម្រាប់កិច្ចសន្ទនារវាងគ្រឹះស្ថានហិរញ្ញវត្ថុ និងម្ចាស់អាជីវកម្ម ដើម្បីស្វែងយល់ពីតម្រូវការជាក់លាក់ និងបញ្ហាប្រឈមរបស់ម្ចាស់អាជីវកម្ម ដែលជាព័ត៌មានយ៉ាងសំខាន់សម្រាប់គ្រឹះស្ថានហិរញ្ញវត្ថុក្នុងការស្វែងយល់ និងពិនិត្យលទ្ធភាពក្នុងការកែលម្អ ឬអភិវឌ្ឍផលិតផល និងសេវាហិរញ្ញវត្ថុថ្មីៗ។

លោកបានបន្ថែមថា៖ «ខ្ញុំមានជំនឿថា កម្មវិធីនាពេលនេះ នឹងផ្តល់ជាគុណតម្លៃ និងជាប្រយោជន៍ដល់សហគ្រិន ដើម្បីទទួលបានព័ត៌មានពេញលេញអំពីកម្មវិធី និងចំណេះដឹងបន្ថែមតាមរយៈកិច្ចពិភាក្សា ដែលផ្តោតសំខាន់អំពីលទ្ធភាពទទួលបានហិរញ្ញប្បទាន ដែលនឹងមានការចែករំលែកពីវាគ្មិនដែលមានជំនាញ និងបទពិសោធន៍»។

លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាល នៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានបញ្ជាក់ពីជំហរគាំទ្ររបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាទៅលើសហគ្រាសធុនមីក្រូ តូចនិងមធ្យម ដែលជាកម្លាំងចលករដ៏សំខាន់ ក្នុងការជំរុញនូវកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍ ព្រមទាំងស្តារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ-១៩ ដោយធានាថា សហគ្រាសធុនមីក្រូ តូចនិងមធ្យម ទទួលបាននូវឥណទានដែលមានអត្រាការប្រាក់សមរម្យ។

លោក សុខ វឿន បន្តថា៖ «សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា រួមជាមួយនឹងសមាជិករបស់ខ្លួន បានចូលរួមយ៉ាងសកម្មជាមួយនឹងរាជរដ្ឋាភិបាល តាមរយៈគំនិតផ្តួចផ្តើមរបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដើម្បីលើកកម្ពស់សហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជា ដោយផ្តល់នូវអត្រាការប្រាក់ទាប ជាពិសេសតាមរយៈគម្រោងសហហិរញ្ញប្បទានជាមួយធនាគារ សហគ្រាសធុនតូច និងមធ្យម និងគម្រោងធានាឥណទាន ដោយសាជីវកម្មធានាឥណទានកម្ពុជា»

មានមតិបើកអង្គសិក្ខាសាលា លោក Raymond Sia ប្រធានសមាគមធនាគារនៅកម្ពុជា ថ្លែងថា ការទទួលបានហិរញ្ញប្បទានសម្រាប់សហគ្រាសធុនតូចនិងមធ្យម និងសហគ្រិនស្រ្តី គឺជាអាទិភាពស្នូលមួយក្នុងចំណោមអាទិភាពផ្សេងៗទៀត ដែលបានចែងនៅក្នុងយុទ្ធសាស្រ្តជាតិស្តីពីបរិយាបន្នហិរញ្ញវត្ថុឆ្នាំ ២០១៩-២០២៥ និងជាអាទិភាពយ៉ាងសំខាន់នៅក្នុងសមាគមធនាគារនៅកម្ពុជា។ លោកបន្តថា សកម្មភាពមួយចំនួន ដែលសមាគមទាំងបី បានបន្តសហការធ្វើរួមគ្នាដើម្បីលើកកម្ពស់ការទទួលបានហិរញ្ញប្បទាន ដូចជា ៖ ការដាក់ចេញនូវកម្មវិធីទទួលបានហិរញ្ញប្បទាន (Access to Finance Programme) នៅថ្ងៃទី ១ ខែមេសា ឆ្នាំ២០២២ និងការសម្ពោធ ឱ្យប្រើរបាយការណ៍សិក្សាស្តីពីការផ្តល់ហិរញ្ញប្បទានដល់សហគ្រាសធុន តូច និងមធ្យម នៅកម្ពុជា។

លោកប្រធានសមាគមធនាគារនៅកម្ពុជា បន្តថា សហគ្រាសធុនតូច និងមធ្យមត្រូវបានចាត់ទុកថាជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចកម្ពុជា និងជាក្បាលម៉ាស៉ីននៃការអភិវឌ្ឍន៍សេដ្ឋកិច្ច។ សហគ្រាសធុនតូច និងមធ្យមតំណាងឱ្យ ៧០% នៃការងារ ហើយ ៩៩.៨% នៃសហគ្រាសនៅកម្ពុជាគឺជាសហគ្រាសធុនតូច និងមធ្យម និងរួមចំណែកដល់ ៥៨% នៃផលិតផលក្នុងស្រុកសរុបរបស់ប្រទេស។

លោក Raymond ក៏បានសង្កេតឃើញផងដែរថា សហគ្រាសធុនតូច និងមធ្យមក៏នៅជួបបញ្ហាប្រឈមមួយចំនួនផងដែរ ទាក់ទងទៅនឹងការទទួលបានឥណទានពីសំណាក់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដូច្នេះវេទិការនាពេលនេះ លោកលើកទឹកចិត្តដល់គ្រឹះស្ថានហិរញ្ញវត្ថុបន្តធ្វើការជាមួយ សហគ្រាសធុនតូច និងមធ្យមឱ្យបានជិតស្និតនិងដាក់ចេញនូវផលិតផល និងសេវាហិរញ្ញវត្ថុ ដែលស្របនឹងតម្រូវការរបស់សហគ្រាសធុនតូច និងមធ្យម និងសហគ្រិនស្រ្តី។

យោងតាមរបាយការណ៍របស់ ការិយាល័យឥណទានកម្ពុជា (CBC) បានឱ្យដឹងថា សំពៀតឥណទាននៅក្នុងវិស័យធនាគារ បានកើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ដែលបានកើនឡើងពីប្រហែល ៥ពាន់លានដុល្លារក្នុងឆ្នាំ២០១៣ ដល់ជាង ៤០ពាន់លានដុល្លារក្នុងឆ្នាំ២០២១។ ក្នុងអំឡុងពេលទាំងនេះ កម្ចីអាជីវកម្មខ្នាតតូចគ្របដណ្តប់ចំណែកនៃ សំពៀតឥណទាននៅក្នុងវិស័យធនាគារ។ ជាមួយគ្នានេះ ក្នុងរយៈពេល ១០ឆ្នាំចុងក្រោយនេះ គេក៏សង្កេតឃើញថា ទំហំឥណទានជាមធ្យមរបស់អ្នកខ្ចីកម្ពុជាបានកើនឡើងជិត ២៥០% ពីចំនួនប្រមាណ ២,៨០០ ដុល្លារ ទៅជាង ៩,៦០០ ដុល្លារ។

សូមជម្រាបថា បន្ទាប់ពីសមាគមទាំងបីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូ កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ក្នុងការចូលរួមចំណែកលើកកម្ពស់ និងបញ្ជ្រាបការយល់ដឹងផ្នែកហិរញ្ញវត្ថុ និងបរិយាបន្នហិរញ្ញវត្ថុក្នុងចំណោមសហគ្រិនវ័យក្មេង ក៏ដូចជាសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា សកម្មភាពនានាត្រូវបានដាក់ចេញ និងអនុវត្តដោយសមាគមទាំងបី ក្នុងនោះរួមមាន៖ ការរៀបចំសិក្ខាសាលារួមគ្នា ការដាក់ឱ្យអនុវត្តនូវកម្មវិធីលទ្ធភាពទទួលបានហិរញ្ញប្បទាន ដែលហៅជាភាសាអង់គ្លេសថា «Access to Finance Program—AFP» ដើម្បីគាំទ្រសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ជាពិសេសសហគ្រិនស្រ្តីដើម្បីទទួលបានហិរញ្ញប្បទានពីស្ថាប័នហិរញ្ញវត្ថុចូលរួម និងការកសាងសមត្ថភាព រួមមានការបណ្តុះបណ្តាលអំពីការគ្រប់គ្រងសាច់ប្រាក់ ទុនបង្វល់ ពិសេសការស្វែងយល់អំពីរបាយការណ៍ហិរញ្ញវត្ថុរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម។

គួរកត់សម្គាល់ផងដែរថា បន្ទាប់ពីកម្មវិធីនិងកិច្ចខិតខំប្រឹងប្រែងរបស់សមាគមទាំងបី យើងទទួលបានលទ្ធផលគួរជាទីមោទនៈ ដោយគ្រឹះស្ថានហិរញ្ញវត្ថុបានអនុម័តហិរញ្ញប្បទានដល់សហគ្រិនចំនួនជាង ៥២ម៉ឺនដុល្លារអាមេរិច ហើយសហគ្រិនចំនួន ៤៧៨នាក់ទទួលបានចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងការអភិវឌ្ឍអាជីវកម្ម តាមរយៈការចូលរួមវគ្គបណ្តុះបណ្តាល និងវេទិកានានា ដែលស្ថិតក្នុងកម្មវិធី Access to Finance៕