(ម៉ាទ្រីដ)៖ អេស្ប៉ាញ នឹងមិនបញ្ជូនប៉ូលិសកុបកម្មទៅកាន់កាតា ដើម្បីជួយការពារសុវត្ថិភាពនៅអំឡុងពេលព្រឹត្តិការណ៍ World Cup ដែលនឹងមកដល់នាខែក្រោយនោះទេ ក្រោយពីមានការស្មើសុំពីប្រទេសកាតា។ នេះបើតាមការអះអាងពីក្រសួងមហាផ្ទៃអេស្ប៉ាញ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២។

ក្រសួងមិនបានផ្តល់នូវព័ត៌មានលម្អិតពាក់ព័ន្ធនឹងការសម្រេចចិត្តនេះនោះទេ ហើយសេចក្តីរាយការណ៍ពីពេលមុនដែលចេញផ្សាយដោយវិទ្យុ Cadena Ser បានលើកឡើងថា អេស្ប៉ាញបាននឹងកំពុងពិចារណា ថាតើត្រូវបញ្ជូនមន្ត្រីប្រមាណ ១១៥នាក់ទៅកាន់កាតាឬក៏អត់ ប៉ុន្តែទីបំផុតសំណើត្រូវបានបដិសេធ។

ជាមួយនឹងអត្រាប្រជាជនតិចជាង ៣លាននាក់ ដោយក្នុងនោះមានត្រឹមតែ ៣៨០,០០០នាក់ប៉ុណ្ណោះ ជាជនជាតិកាតា ប្រទេសនេះ កំពុងប្រឈមមុខនឹងការខ្វះខាតមន្ត្រីជំនាញ ខណៈខ្លួនកំពុងត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍ប្រកួតបាល់ទាត់លំដាប់ពិភពលោកមានរយៈពេល ១ខែ ដែលនឹងចាប់នៅថ្ងៃទី២០ ខែវិច្ឆិកាខាងមុខ។

កាលពីខែមុន តួកគីបានប្រកាសថា ខ្លួននឹងបញ្ជូនប៉ូលិសកុបកម្មជាងប្រមាណ ៣,០០០នាក់ ដើម្បីជួយការពារសុវត្ថិភាពក្នុងព្រឹត្តិការណ៍បាល់ទាត់នៅកាតា៕