(ហ្សាការតា)៖ ក្រុមការងារដែលកំពុងស៊ើបអង្កេតលើគ្រោះមហន្តរាយនៅកីឡដ្ឋាន ដែលបានសម្លាប់មនុស្ស ១៣២នាក់នៅឥណ្ឌូនេស៊ីនោះ បានទាមទារឲ្យប្រធានសមាគមបាល់ទាត់របស់ប្រទេសមួយនេះ លាឈប់ពីតំណែង។ នេះបើតាមសម្តីរដ្ឋមន្ត្រីថ្នាក់កំពូលមួយរូប ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២។
ហេតុការណ៍រត់ជាន់គ្នាមួយបានកើតឡើងដោយសារប៉ូលិស បាញ់ឧស្ម័នបង្ហូរទឹកភ្នែកទៅលើអ្នកគាំទ្រដែលបង្កភាពចលាចល បន្ទាប់ពីការប្រកួតរវាងក្រុមម្ចាស់ផ្ទះ Arema FC និងក្រុមភ្ញៀវ Persebaya Surabaya នៅថ្ងៃទី០១ ខែតុលា នៅទីក្រុង Malang ខេត្ត East Java។
ក្រុមស៊ើបអង្កេតមួយត្រូវបានបង្កើតឡើង ខណៈការខឹងសម្បារមានការកើនឡើងប្រឆាំងនឹងការឆ្លើយតបរបស់ប៉ូលិស បន្ទាប់ពីមនុស្ស ១៣២នាក់ ក្នុងនោះរួមទាំងកុមារជាច្រើនផងដែរបានស្លាប់ ជាមួយនឹងមនុស្សជាច្រើននាក់បានស្លាប់នៅក្នុងការប៉ះទង្គិចគ្នា ដោយសារពួកគេសម្រុកចេញតាមច្រកតូចៗ។
ជាការឆ្លើយតបនឹងគ្រោះមហន្តរាយនេះ ប្រធានាធិបតី Widodo បានសម្រេចផ្អាកការប្រកួតបាល់ទាត់ទាំងអស់រហូតដល់ការស៊ើបអង្កេតបញ្ចប់ និងបានបញ្ជាឲ្យត្រួតពិនិត្យសុវត្ថិភាពលើគ្រប់កីឡដ្ឋានទាំងអស់។
ប្រធានសមាគមបាល់ទាត់ឥណ្ឌូនេស៊ីនាពេលបច្ចុប្បន្ននេះ គឺលោក Mochamad Iriawan ដែលជាអតីតស្នងការនគរបាលនៃរដ្ឋធានី Jakarta។
យ៉ាងហោចណាស់មនុស្សចំនួន ៦នាក់ ក្នុងនោះមានប៉ូលិស ៣នាក់ ត្រូវបានចោទប្រកាន់ជាប់ពាក់ព័ន្ធក្នុងហេតុការណ៍បណ្តាលឲ្យមនុស្សស្លាប់នេះ៕