(បរទេស)៖ ទីបំផុត Netflix សម្រេចដាក់ចេញគម្រោងផ្សាយពាណិជ្ជកម្មថ្មីរបស់ខ្លួនហើយដែលមានឈ្មោះថា «Basic with Ads tier» ដែលគ្រោងនឹងចាប់ផ្តើមចេញជាសាធារណៈនៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ ខាងមុខនេះ។ ខណៈគម្រោងថ្មីនេះត្រូវបានគេអះអាងថា នឹងចេញមកក្នុងតម្លៃ ៦.៩៩ដុល្លារ សម្រាប់ទីផ្សារប្រទេសមួយចំនួនដូចជា សហរដ្ឋអាមេរិក អូស្រ្តាលី ប្រេស៊ីល កាណាដា បារាំង អាល្លឺម៉ង់ អ៊ីតាលី ជប៉ុន កូរ៉េ ម៉ិកស៊ិក អេស្ប៉ាញ និងចក្រភពអង់គ្លេសជាដើម។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២។

ក្រុមហ៊ុន Netflix បានឱ្យដឹងថា ចំពោះគម្រោងគាំទ្រការផ្សាយពាណិជ្ជកម្ម Basic with Ads សម្រាប់ Subscribers នឹងឃើញមានការផ្សាយពាណិជ្ជកម្មប្រហែល ៤ទៅ ៥នាទីក្នុងមួយម៉ោង ដោយឡែកសម្រាប់ភាពយន្តដែលទើបចេញថ្មីវិញ Netflix នឹងកំណត់ទៅលើពេលវេលាដាក់ផ្សាយពាណិជ្ជកម្មផ្សេងទៀត។ ដោយឡែកទាំងនេះត្រូវបានគេអះអាងថា ទំនងជា Netflix ចង់រក្សាបទពិសោធន៍ដ៏ល្អក្នុងការទស្សនាភាពយន្តថ្មីដ៏អ្នកប្រើប្រាស់។

ទាក់ទិននិងការចេញផ្សាយថ្មីនេះលោក Greg Peters ដែលជាប្រធានផ្នែកប្រតិបត្តិការរបស់ Netflix បានថ្លែងប្រាប់ Reuters ថាប្រហែល ៥ ទៅ ១០ភាគរយនៃកម្មវិធីទូរស្សន៍ និងភាពយន្តមួយចំនួននឹងមិនត្រូវបានរួមបញ្ចូល Basic with Ads សម្រាប់អតិថិជននោះទេ ទាំងនេះក៏ដោយសារតែការរឹតបន្តឹងផ្នែកអាជ្ញាប័ណ្ណ។ លើសពីទៅទៀតលោកបានឱ្យដឹងទៀតថា ការផ្សាយពាណិជ្ជកម្មរបស់ Netflix នីមួយៗនឹងត្រូវបានដាក់ចេញនៅចន្លោះពី១៥ ទៅ ៣០នាទី ហើយវានឹងត្រូវបានដាក់នៅមុនពេលភាពយន្តចាប់ផ្តើម និងអំឡុងពេលចាប់ផ្តើមតែម្តង។

គួរបញ្ជាក់ដែរថា អតិថិជនដែលប្រើប្រាស់គម្រោង «Basic with Ads» នឹងមិនអាចទាញយក Content ឬ វីដេអូ ណាមួយនៅលើឧបករណ៍របស់ពួកគេនោះទេ ខណៈដែលគុណភាពវីដេអូវិញត្រូវបាន Netflix កំណត់យកត្រឹម 720p/HD ប៉ុណ្ណោះ៕