(អឺរ៉ុប)៖ ខ្សែបម្រើវ័យក្មេង Phil Foden ដែលកំពុងមានទម្រង់លេងឡើងជើងខ្លាំង បានសម្រេចកិច្ចព្រមព្រៀងថ្មីជាមួយក្លិប Manchester City រហូតដល់ឆ្នាំ២០២៧។ នេះបើតាមប្រភពពី BBC ឲ្យដឹងនាថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២។

បុរសវ័យ ២២ឆ្នាំដែលកំពុងស្ថិតក្នុងក្រុមជម្រើសជាតិអង់គ្លេស Foden មានកិច្ចសន្យាចាស់ជាមួយក្លិបអាជីព Man City បញ្ចប់នៅឆ្នាំ២០២៤ ដោយគិតមកដល់ពេលនេះរូបគេលេងបាន ១៨២ប្រកួត និងរកបាន ៥២គ្រាប់គិតចាប់តាំងពីបានបង្ហាញខ្លួនដំបូងកាលខែវិច្ឆិកា ឆ្នាំ២០១៧។

ខ្សែបម្រើ Foden បានបង្ហាញអារម្មណ៍ថា «វាពិបាកណាស់ថាតើខ្ញុំត្រូវនិយាយថាសប្បាយចិត្តយ៉ាងណាចំពោះកិច្ចសន្យានេះ។ វាជាសុបិនក្លាយជាការពិត។ ខ្ញុំជាអ្នកគាំទ្រ City ពេញមួយជីវិត ដោយបានហ្វឹកហាត់នៅទីនេះជាច្រើនឆ្នាំ»

គិតមកដល់ពេលនេះ Foden បានឈ្នះពានរង្វាន់លីគអង់គ្លេស Premier League ចំនួន ៤សម័យកាល រួមជាមួយពាន FA Cup, EFL Cup FA Community Shield និងរងជើងឯកពានអឺរ៉ុប UEFA Champions League 2020-21៕