(ភ្នំពេញ)៖ ផលិតផលមនុស្សយន្ត បម្រើការងារជំនួសមនុស្សដែលប្រើប្រាស់ ប្រព័ន្ធ Hi-Tech Robotic Systems ត្រូវបាននាំចូលមកកម្ពុជាជាលើកដំបូងរួមមាន Robot បំរើសេវាកម្ម, Robot ប្រើប្រាស់ក្នុងឧស្សាហកម្ម ដើម្បីជួយដល់ការធ្វើប្រតិបត្តការរបស់ក្រុមហ៊ុន និងសហគ្រាសនៅកម្ពុជា។
ថ្លែងក្នុងពិធីចុះអនុស្សរណៈយោគយល់(MOU) រវាងក្រុមហ៊ុន AZ GROUP និង TKK នាថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ ឧកញ៉ា លឹម ប៊ុនសួរ ប្រធានក្រុមហ៊ុន AZ Group មានប្រសាសន៍ថា ការនាំចូលផលិតផលមនុស្សយន្តនេះ ដើម្បីប្រែក្លាយវិស័យផលិតកម្មរបស់កម្ពុជា ឱ្យក្លាយជាដៃគូប្រកួតប្រជែងជាលក្ខណៈអន្តរជាតិជាមួយនឹងបច្ចេកវិទ្យាទំនើប។
លោក ខូយ ដារ៉ា ជំនួយការ ប្រធានក្រុមហ៊ុន AZ Group បានប្រាប់អ្នកសារព័ត៌មានថា ផលិតផលមនុស្សយន្តនេះ គឺជាបច្ចេកវិទ្យាថ្មី ដែលប្រទេសកម្ពុជាមិនទាន់មាន ហើយផលិតផលមនុស្សយន្តនេះ នឹងអាចជួយដល់វិនិយោជក ឬម្ចាស់អាជីវកម្មជាច្រើន ដូចសណ្ឋាគារ ខុនដូរ ឬរោងចក្រនៅក្នុងប្រតិបត្តិការអាជីវកម្មរបស់ពួកគេ។
លោកបានពន្យល់ថា «នេះ គឺជាបច្ចេកវិទ្យាថ្មី ដែលយើងមានទាំងបែបមនុស្សយន្តបែបបម្រើការនៅក្នុងរោងចក្រ មានមនុស្សយន្តបែបបម្រើការនៅក្នុងភោជនីយដ្ឋាន និងមានទាំងតិចណូឡូជីមកជាមួយគ្នាផងដែរ។ នៅក្នុងវិស័យរោងចក្រ និយោជកជាច្រើនគាត់មានផលលំបាក ពាក់ព័ន្ធទៅលើការគ្រប់គ្រងមនុស្ស អ៊ីចឹងនៅពេលដែលយើងមានផលិតផលថ្មីនេះ នឹងធ្វើឱ្យរោងចក្រគាត់ធ្វើការដោយរលូន និងកាត់បន្ថយចំណាយ។ មួយទៀតនៅក្នុងវិស័យសេវាកម្មទេសចរ សណ្ឋាគារ ភោជនីយដ្ឋាន ដែលពេលខ្លះយើងពិបាករកបុគ្គលិក ផលិតផលមនុស្សយន្តនេះ នឹងជួយដល់ការធ្វើប្រតិបត្តិការ»។
លោកបន្តថា ទោះជាយ៉ាងនេះក្តី ផលិតផលមនុស្សយន្តនេះ នឹងមិនប៉ះពាល់ ឬកាត់បន្ថយការងារសម្រាប់ប្រជាជនកម្ពុជានោះឡើយ។
លោកបានឱ្យដឹងផងដែរថា បច្ចុប្បន្ននេះ មានតែភោជនីដ្ឋានមួយប៉ុណ្ណោះដែលស្ថិតក្នុងផ្សារទំនើបអ៊ីអនភ្នំពេញ បានប្រើប្រាស់ផលិតផលយន្តនេះ។ ទន្ទឹមគ្នានេះ ក៏មានក្រុមជាច្រើនទៀតបង្ហាញចំណាប់អារម្មណ៍ ក្នុងការប្រើប្រាស់ផលផលិតនេះផងដែរ។
លោកបញ្ជាក់ថា ផលិតផលមនុស្សយន្តនេះ នឹងត្រូវដាក់លក់នៅលើទីផ្សារក្នុងតម្លៃសមរម្យ ហើយសម្រាប់និយោជកដែលគ្មានលទ្ធភាព អាចជួលជាលក្ខណៈប្រចាំថ្ងៃ ឬប្រចាំខែបានផងដែរ សម្រាប់យកទៅប្រើប្រាស់ក្នុងកម្មវិធីផ្សេងៗ។
សូមបញ្ជាក់ថា ការនាំចូលផលិតផលមនុស្សមនុស្សនេះ គឺជាការសហការគ្នារវាងក្រុមហ៊ុន AZ GROUP ជាមួយសាជីវកម្ម TKK មកពីប្រទេសថៃ។
លោក Niwat Kongsomijit សហស្ថាបនិក ក្រុមហ៊ុនសាជីវកម្ម TKK បាននិយាយថា «យើងមានជំនាញក្នុងការផ្គត់ផ្គង់ឈានមុខគេនៃប្រព័ន្ធត្រួតពិនិត្យផលិតកម្មដោយស្វ័យប្រវត្តិនៅក្នុងរោងចក្រ និង វិស័យសេវាកម្ម ព្រមទាំងបទពិសោធន៍ក្នុងឧស្សាហកម្មជាច្រើនឆ្នាំ គួបផ្សំនឹងភាពរឹងមាំរបស់ដៃគូធុរកិច្ច AZ GROUP នៅកម្ពុជា។ ជាមួយនឹងការត្រៀមខ្លួនរបស់យើង និងដៃគូរបស់យើងដែលមានគោលដៅរួមគ្នា ក្នុងការលើកកម្ពស់ឧស្សាហកម្ម សេវាកម្មកម្ពុជាតា មរយៈនាំយកបច្ចេកវិទ្យាមកលើកកម្ពស់វិស័យការងារនឹងបង្កើនសមត្ថភាព នឹងបំពេញតម្រូវការយ៉ាងពិតប្រាកដ»៕