(បរទេស)៖ តារាសម្តែងប្រុសល្បីឈ្មោះជនជាតិស្កុតឡេន លោក Robbie Coltrane ដែលជាតួអង្គ Hagrid ក្នុងខ្សែភាពយន្តល្បី Harry Potter បានទទួលមរណភាពក្នុងអាយុ៧២ឆ្នាំ។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន CNA នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២។

លោក Coltrane ត្រូវបានគេដឹងថា បានដើរតួជាអតីតភ្នាក់ងារ KGB នៅក្នុងខ្សែភាពយន្ត James Bond ចំនួនពីរ គឺរឿង «Goldneye» ឆ្នាំ១៩៩៥ និងរឿង «The World Is Not Enough» ឆ្នាំ១៩៩៩។ ទន្ទឹមគ្នានេះ អ្នកសិល្បៈក្នុងវិស័យភាពយន្តជាច្រើន បានបង្ហោះសារពីដំណឹងមរណភាពរបស់តារាសម្តែងរូបនេះ និងបានកោតសរសើរពីស្នាដៃភាពយន្តដ៏ល្អឥតខ្ចោះរបស់លោក។

ងាកមកគណនី Twitter ផ្លូវការរបស់ James Bond វិញក៏បានបង្ហោះសារចូលរួមរំលែកទុក្ខចំពោះមរណភាពរបស់តារាសម្តែងល្បី Bobbie Coltrane ផងដែរ និងបាននិយាយរំឭកពីទេពកោសល្យគ្មានព្រំដែនរបស់លោក ដែលបានបន្សល់ទុកតាមរយៈការចូលរួមសម្តែងខ្សែភាពយន្តល្បីៗ។

តែយ៉ាងណាមិញ ភ្លាមៗមិនទាន់មានព័ត៌មានលម្អិតអំពីមូលហេតុនៃការស្លាប់របស់តារាសម្តែងរូបនេះនៅឡើយទេ៕