(កូរ៉េ)៖ ក្រុមចម្រៀងបុរសល្បីឈ្មោះ BTS ត្រូវបានរាយការណ៍មកថា នឹងជួបជុំគ្នាជាមួយអ្នកគាំទ្រនៅថ្ងៃទី១៥ ខែតុលានេះ សម្រាប់ការប្រគំតន្ត្រីនៅទីក្រុងកំពង់ផែភាគខាងត្បូងនៃទីក្រុង Busan ខណៈរដ្ឋាភិបាលកូរ៉េខាងត្បូងសង្ឃឹមថា តាមរយៈព្រឹត្តិការណ៍នេះ នឹងជួយឲ្យប្រទេសរបស់ខ្លួនឈ្នះការដេញថ្លៃ ដើម្បីធ្វើជាម្ចាស់ផ្ទះពិព័រណ៍ពិភពលោកឆ្នាំ២០៣០។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២។

ការប្រគំតន្ត្រីដោយឥតគិតថ្លៃនេះគឺមានឈ្មោះថា «BTS in Busan» ត្រូវបានកំណត់ថា នឹងចាប់ផ្តើមនៅវេលាម៉ោង៦ល្ងាច ថ្ងៃទី១៥នេះតែម្តង ដែលរំពឹងថា នឹងទាក់ទាញបានអ្នកចូលរួមប្រហែល ១០ម៉ឺននាក់ ទៅកាន់កីឡដ្ឋាន និងទីតាំងនានាក្នុងទីក្រុង Busan។ ជាពិសេស ការប្រគំតន្ត្រីនេះទៀតសោត គឺត្រូវបានធ្វើឡើង បន្ទាប់ពីក្រុម BTS បានប្រកាសពីការផ្អាកសកម្មភាពជាក្រុម និងផ្តោតសំខាន់លើការងារទោលជំនួសវិញ។

អ្វីដែលពិសេសនោះ គឺ Jin ដែលជាសមាជិកមានវ័យច្រើនជាងគេក្នុងក្រុម BTS នឹងឈានចូលវ័យ៣០ឆ្នាំ នៅឆ្នាំក្រោយ ប្រឈមនឹងការចូលបម្រើយោធា ដែលជាកាតព្វកិច្ចរបស់បុរសៗក្នុងប្រទេសកូរ៉េខាងត្បូង៕