(ភ្នំពេញ)៖ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) មានប្រសាសន៍ថា CAMSOC បានដើរលើផ្លូវត្រឹមត្រូវ និងមានវឌ្ឍនភាពល្អ ប្រកបដោយសុទិដ្ឋិនិយម សម្រាប់ការត្រៀមរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ។

ការគូសបញ្ជាក់នេះ បានធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការប្រកាសវឌ្ឍនភាពការងាររបស់គណៈកម្មាធិការជាតិ CAMSOC និងជាការប្រកាសផ្សព្វផ្សាយការរាប់ថយក្រោយ ២០០ថ្ងៃ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ដើម្បីដំណើរឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ។

ការបង្ហាញសុទិដ្ឋិនិយមនេះ ដោយសារការដឹកនាំដ៏ត្រឹមត្រូវ ប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងការដឹកនាំផ្ទាល់របស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC ជាមួយការខិតខំប្រឹងប្រែងរបស់គណៈកម្មការជំនាញ ក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធររាជធានី-ខេត្ត ។

លោករដ្ឋមន្ដ្រីបានបន្ដថា តាមរយៈការយកចិត្តទុកដាក់របស់ប្រមុខរាជរដ្ឋាភិបាល ថ្នាក់ដឹកនាំ និងគ្រប់ភាគីពាក់ព័ន្ធ ក៏ដូចជាសមិទ្ធផលដែលសម្រេចបាននាពេលកន្លងមក លោកមានជំនឿជឿជាក់ថា ការត្រៀមលក្ខណៈរៀបចំ Gamer ដ៏ធំជាប្រវត្តិសាស្ដ្រជាតិ ក្នុងកំណត់ត្រារង់ចាំ ៦៤ឆ្នាំនេះ នឹងទទួលបានជោគជ័យដ៏ត្រចះត្រចង់ និងជាគុណប្រយោជន៍ជាតិដ៏ធំធេងជាក់ជាពុំខាន ។

ឆ្លៀតឱកាសនោះ លោករដ្ឋមន្ដ្រី បានបង្ហាញនូវសមិទ្ធផលការងារសំខាន់ៗ ៧ចំណុច ត្រូវបានកំណត់ និងសម្រេចផ្លែផ្កាជាបន្ដបន្ទាប់ រួមមាន៖

១-ការជួសជុលទីលានប្រកួត ការកំណត់ទីលានប្រកួត បានសម្រេចតាមផែនការកំណត់ជាស្ថាពរ។

២-ការកំណត់ប្រភេទកីឡា វិញ្ញាសាកីឡា ទាំងស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម គឺជាមូលដ្ឋាននៃការរៀបចំការប្រកួតបច្ចេកទេសឲ្យឆ្ពោះទៅមុខយ៉ាងរលូន។
៣- ការផ្ដល់សិទ្ធិធ្វើប្រតិភូកម្ម នូវមុខងារបម្រើសេវា និងរៀបចំជំនាញមួយចំនួន ត្រូវបានផ្ដល់ជូន ក្រុមហ៊ុនឯកជន ដូចជាការជួសជុល សាងសង់ទីលានប្រកួត ការតម្លើងរៀបចំប្រព័ន្ធគ្រប់គ្រងព្រឹត្តិការណ៍ “Games Management System” ការស្វែងរកចំណុលតាម Sponsor ការដេញថ្លៃម្ហូបអាហារ ការរៀបចំប្រព័ន្ធផ្សព្វផ្សាយអន្ដរជាតិ International Broadcasting Center ។ល។
៤-ទីកន្លែងស្នាក់នៅ ហូបចុក ជាង ៥,៥០០នាក់ ក្នុងមួយថ្ងៃ ត្រូវបានកំណត់ទាន់ពេលវេលាក្នុងភូមិកីឡា ដែលកំពុងជំរុញការសាងសង់យ៉ាងមមាញឹកបំផុត ដែលក្រុមហ៊ុន Sport Village សន្យាប្រគល់ជូន CAMSOC នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ ។

៥-ការរៀបចំ ហេដ្ឋារចនាសម្ព័ន្ធគាំទ្រ ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ យកចិត្តទុកដាក់ក្នុងកាករពន្លឿនដាក់ប្រព័ន្ធលូ ជួសជុលផ្លូវ ការតភ្ជាប់ផ្លូវទៅមហាវិថីឈ្នះឈ្នះ ជាមួយការតុបតែងបង្គោលភ្លើង និងបំពាក់ភ្លើងបំភ្លឺតាមដើមឈើជាដើម ។

៦-ខេត្តត្រៀមទទួលរៀបចំការប្រកួតកីឡាមួយចំនូន ដូចជាខេត្តកែប កំពត ព្រះសីហនុ និងខេត្តសៀមរាប ក៏សម្ដេចពិជ័យសេនាប្រធាន បានដាក់គោលការណ៍ឲ្យរៀបចំហេដ្ឋារចនាសម្ព័ន្ធ អនាម័យ សោភណ្ឌភាព និងរៀបចំគណៈកម្មការចំពោះកិច្ចរបស់ខេត្ត គាំទ្រសហការជាមួយ CAMSOC រួចរាល់ហើយដែរ ។

៧-ពិធីផ្សេងៗ ពិសេសពិធីបើក-បិទ រត់ភ្លើងគប់ ក៏ត្រូវបានឯកភាពគ្នាគ្រប់ភាគីពាក់ព័ន្ធ និងកំពុងដំណើរការរៀបចំឲ្យមានភាពអស្ចារ្យផងដែរ ។

លោកបណ្ឌិត ថោង ខុន មានប្រសាសន៍ថា នេះគ្រាន់តែជាវឌ្ឍនភាពគោលធំៗប៉ុណ្ណោះ។ បន្ថែមលើនេះ លោកបានជំរុញឲ្យគ្រប់ភាគីពាក់ព័ន្ធ បន្ដកិច្ចសហការ និងអនុវត្តផែនការ តាមគណៈកម្មការជំនាញនីមួយៗ ពិសេសជំរុញការផ្សព្វផ្សាយ ដើម្បីឲ្យប្រជាពលរដ្ឋគ្រប់ច្រកល្ហក់បានជ្រូតជ្រាប និងត្រៀមខ្លួនទាំងអស់គ្នា ចូលរួមរៀបចំ និងទទួលស្វាគមន៍កីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ឲ្យទទួលបានជោគជ័យ និងមានភាពអស្ចារ្យក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនេះ ។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ នឹងប្រារព្ធពិធីបើកការប្រកួតផ្លូវការ នៅថ្ងៃទី០៥ ខែឧសភា និងបិទ នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ហើយបើគិតពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ រហូតដល់ថ្ងៃបើក គឺនៅសល់រយៈពេល ២០០ថ្ងៃគត់។ រីឯការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នឹងប្រព្រឹត្តទៅពីថ្ងៃទី០៣ ដល់ថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខ ៕