(ភ្នំពេញ)៖ ការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជា ត្រូវបានអនុម័តប្រភេទកីឡា សម្រាប់ការប្រកួតរួចរាល់ហើយ ដោយមានកីឡាចំនួន ៣៨ប្រភេទ និងវិញ្ញាសាសរុបចំនួន ៦០៨វិញ្ញាសា។
នេះបើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣(CAMSOC) ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីការប្រកាសវឌ្ឍនភាពការងាររបស់ CAMSOC និងជាការប្រកាសផ្សព្វផ្សាយការរាប់ថយក្រោយ ២០០ថ្ងៃ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ នៃដំណើរឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ក្រោមវត្ដមានលោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ CAMSOC នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ ។
លោកបញ្ជាក់ថា កីឡាទាំង ៣៨ប្រភេទ លើ ៦០៨វិញ្ញាសានេះ ត្រូវបានសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC ក៏ដូចជាលោករដ្ឋមន្ដ្រី ថោង ខុន ក្នុងនាមប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាប្រធានសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ចុះហត្ថលេខារួចហើយ ហើយក៏មានការឯកភាពពីក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍ផងដែរ ។
ចំពោះ ៣៨ប្រភេទកីឡា ដែលត្រូវបានកំណត់ដាក់ក្នុងកម្មវិធីប្រកួត នៃព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនៅកម្ពុជា រួមមាន៖ ១. អត្តពលកម្ម (Track&Field និង ម៉ារ៉ាតុង) ២. កីឡាលើទឹក (ហែលទឹក, លោតទឹក, បាល់ទឹក និងហែលទឹកជើងទា) ៣. វាយសី ៤. បាល់បោះ (៥×៥ និង ៣×៣) ៥. ប៊ីយ៉ា ស្នូកឃ័រ ៦. ប្រដាល់សកល ៧. កាយវប្បកម្ម ៨. អុក (អុកចត្រង្គ និងអុកចិន) ៩. ទោចក្រយាន (កង់គួក និងកង់ភ្នំ) ១០. គ្រីឃីត (T20/Sixes និង T50/T20) ១១. កីឡារាំ ១២. កីឡាអេឡិចត្រូនិក ១៣. គុនដាវ ១៤. Floorball ១៥. បាល់ទាត់ (បុរស-នារី) ១៦. វាយកូនហ្គោល ១៧. កាយសម្ព័ន្ធ (Aerobic និង Artistic) ។
១៨. ហុកគី (រួមបញ្ចូលក្នុងសាល និងក្រៅសាល) ១៩. ម៉ូតូទឹក ២០. យូដូ ២១. ការ៉ាតេ ២២. យុទ្ធគុនចម្រុះ (គុនល្បុក្កតោ, Arnis គុនដំបងរបស់ហ្វីលីពីន, ជឺជីតស៊ូ, ឃីកបុកសីង, វ៉ូវីណាម, គុនខ្មែរ) ២៣. កីឡាឧបសគ្គ ២៤. បញ្ចសីលា ២៥. ប៉េតង់ ២៦. ទូកក្ដោង ២៧. សីដក់ ២៨. សូហ្វតេន្នីស ២៩. វាយកូនឃ្លីលើតុ ៣០. តេក្វាន់ដូ WT ៣១. វាយកូនបាល់ ៣២. ប្រណាំងទូកប្រពៃណី ៣៣. ទ្រីយ៉ាត្លុង (រួមទាំង អាគ័រត្លុង និងឌូអាត្លុង) ៣៤. បាល់ទះ (ក្នុងសាល និងលើឆ្នេរខ្សាច់) ៣៥. លើកទម្ងន់ ៣៦. ចំបាប់ ៣៧. វ៉ូស៊ូ និង៣៨ គឺជាកីឡាសម្ដែង (Demonstration Sport) ដែលមានជាលើកដំបូងនោះគឺកីឡា Teqball ។
ដោយឡែកការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ដែលកម្ពុជានឹងធ្វើម្ចាស់ផ្ទះដូចគ្នា ក៏បានអនុម័តលើប្រភេទកីឡារួចរាល់ដែរ គឺមានកីឡាចំនួន ១៣ប្រភេទ លើវិញ្ញាសាជាង ៤០០វិញ្ញាសា ។ ប៉ុន្ដែពាក់ព័ន្ធវិញ្ញាសាប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេមនេះ មិនទាន់មានការអនុម័តសម្រេចនោះទេ ពោលគឺនៅមានការពិភាក្សាគ្នានៅឡើយ ដោយអនុម័តតែលើប្រភេទកីឡាប៉ុណ្ណោះ៕