(ភ្នំពេញ)៖ លោក សុខ សូកាន ប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា និងជារដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីបើកការប្រកួតកីឡាប៊ូល និងប៉េតង់ជើងឯកថ្នាក់ជាតិឆ្នាំ២០២២ ដែលរៀបចំដោយសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា

ពិធីនេះក៏មានការចូលរួមពី ប្រតិភូ កីឡាករ កីឡាការិនី គ្រូបង្វឹក ចំនួន ១២៧នាក់ មកពីសមាគម ក្លិប ចំនួន១៧ (ក្លិប ចំនួន ៧)។ កីឡាករ កីឡាការិនី ដែលប្រកួតនៅក្នុងកម្មវិធីនេះសុទ្ធសឹងជាជ័យលាភីចំណាត់ថ្នាក់លេខ១ និងលេខ២ នៃវិញ្ញាសានីមួយៗ ដែលបានប្រកួតជម្រុះនៅតាមតំបន់ទាំង៥ និង ៤ស្ថាប័ន។

ការប្រកួតនេះមាន ៥វិញ្ញាសា (រូបមន្តវិលជុំ) រួមមាន៖

- វិញ្ញាសា បុរស (១ x ១) ១៧ក្រុម ០៤ពូល ៣៦ប្រកួត
- វិញ្ញាសា នារី (១ x ១) ១៤ក្រុម ០៤ពូល ២៥ប្រកួត
- វិញ្ញាសា យុវជន ក្រោម ១៨ឆ្នាំ (១ x ១) ១៥ក្រុម ០៤ពូល ២៧ប្រកួត
- វិញ្ញាសា យុវនារី ក្រោម ១៨ឆ្នាំ (១ x ១) ១៣ក្រុម ០៤ពូល ២៣ប្រកួត
- វិញ្ញាសា ចម្រុះ (២ x ២) ១៥ក្រុម ០៤ពូល ២៧ប្រកួត។
ដែលការប្រកួតនេះនឹងប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ ពីថ្ងៃទី១៥ ដល់ ១៦ ខែតុលា ឆ្នាំ២០២២ ចាប់ពីម៉ោង ៨:០០នាទីព្រឹក ដល់១២:០០នាទីថ្ងៃត្រង់ និង ១:០០រសៀល ដល់៦:០០នាទីល្ងាច។

លោក សុខ សូកាន បានលើកឡើងថា ដោយសារម្លប់ដ៏ត្រជាក់នៃសន្តិភាព ក្រោមអគ្គមគ្គុទ្ទេសក៍ដឹកនាំដ៏ឈ្លាសវៃនិងប៉ិនប្រសប់របស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើឱ្យកម្ពុជាមានការរីកចម្រើនជា បន្តបន្ទាប់លើគ្រប់វិស័យ ក្នុងនោះវិស័យកីឡាប៊ូល និងប៉េតង់ បានក្លាយជាកីឡាមួយប្រកបដោយសក្ដានុពល និងលេចធ្លោខ្លាំង របស់កម្ពុជា ហើយដណ្ដើមបាននូវមេដាយមាសជាច្រើនពីការប្រកួតទាំងកម្រិតអន្តរជាតិនិងពិភពលោក។ លទ្ធផលគួរជាទីមោទកភាពនេះ គឺបានមកពីការលះបង់ និងកិច្ចខិតខំប្រឹងប្រែងផ្ទាល់របស់កីឡាករ កីឡាការិនី គ្រូបង្វឹក ក៏ដូចជាថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ដែលបានពុះពារគ្រប់ឧបសគ្គដណ្តើមយកជ័យជម្នះជូនជាតិមាតុភូមិក្នុងឆន្ទៈកសាង និងលើកកម្ពស់កិត្យានុភាពរបស់ប្រទេសកម្ពុជាលើឆាកអន្តរជាតិ។

ឆ្លៀតក្នុងឱកាសនេះ លោក សុខ សូកាន បានបន្ថែមទៀតថាសមិទ្ធផលដ៏ធំធេងទាំងនេះ គឺពិតជាពុំអាចកើតមានឡើងបានទេ ប្រសិនបើគ្មានវត្តមានដ៏ខ្ពង់ខ្ពស់នៃអតីតថ្នាក់ដឹកនាំសហព័ន្ធរបស់យើងគឺសម្តេចវិបុលបញ្ញា សុខ អាន ជាប្រធាន និងសម្តេចក្រឡាហោម ស ខេង ជាប្រធានកិត្តិយស ព្រមទាំងឥស្សរជនជាច្រើនរូបផ្សេងទៀត បានរួមគ្នាផ្តួចផ្តើមគំនិត និងជ្រោមជ្រែងវិស័យកីឡានេះ តាមរយៈការបង្កើតសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា នៅក្នុងឆ្នាំ១៩៩២ ដែលនេះគឺជាមរតកនៃការខិតខំប្រឹងប្រែង បន្តមកដល់យុវជនបន្តវេនដែលបច្ចុប្បន្ន លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡាជាប្រធានកិត្តិយស។ គិតត្រឹមឆ្នាំ២០២២នេះសហព័ន្ធបានដំណើរការការងាររបស់ខ្លួនរហូតដល់ ៧អាណត្តិ ហើយឆ្នាំនេះក៏ជា «ខួប ៣០ឆ្នាំ ក្នុងការបង្កើតសហព័ន្ធ»។

លោក សុខ សូកាន បានបញ្ជាក់ថា សហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានត្រៀមលក្ខណសម្បត្តិរួចរាល់ទាំងការងារបច្ចេកទេស និងការងាររៀបចំក្នុងនាមម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រវត្តិសាស្ត្រកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ទាំងហេដ្ឋារចនាសម្ព័ន្ធទីលានប្រកួត និងធនធានមនុស្ស។ ព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ គឺជាព្រឹត្តិការណ៍កីឡាដ៏ធំលើកដំបូង ដែលកម្ពុជាទទួលធ្វើជាម្ចាស់ផ្ទះ ក្រោមបាវចនា «កីឡារស់ក្នុងសន្តិភាព -Sports: Live in Peace» ក្រោមការដឹកនាំផ្ទាល់របស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣។

ព្រឹត្តការណ៍នេះនឹងផ្ដល់ឱកាសដល់កម្ពុជា ក្នុងការពង្រីកវិសាលភាពនៃស្មារតី លើសពីកីឡា លើសពីការប្រកួត និងលើសពីមេដាយ គឺ #BeyondTheGames ក្រោមមូលបទ «បេះដូងលោតក្នុងចង្វាក់តែមួយ» ដោយយើងមិនត្រឹមតែ យកកម្ពុជាមកលើកតម្កើងស៊ីហ្គេមនោះទេ ប៉ុន្តែយើងត្រូវយកស៊ីហ្គេមមកលើកតម្កើងកម្ពុជា ដែលពោរពេញដោយសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍលើគ្រប់វិស័យ ព្រមទាំងជាឱកាសបង្ហាញពីភាពសុខដុមរមណី ភាពសម្បូរបែប ឧត្តមភាព និងសក្តានុពលរបស់កម្ពុជា ទៅកាន់ ឆាកអន្តរជាតិ។

លោកបានបញ្ជាក់ថា កីឡាករ កីឡាការិនី របស់យើងជាអ្នកខិតខំប្រឹងប្រែងយកមេដាយ ដើម្បីកិត្តិយសជាតិ ហើយយើងទាំងអស់គ្នាប្រជាជាតិទាំងមូលជាស្មារតីគាំទ្រនៅក្រោយកីឡាករ កីឡារិនីរបស់យើង។

នៅក្នុងឱកាសនោះផងដែរ លោក សុខ សូកាន បានថ្លែងអំណរគុណដល់ក្រសួងអប់រំ យុវជន និងកីឡា និងវិស័យឯកជនដែលបានចូលរួមចំណែកយ៉ាងសកម្មក្នុងការជួយគាំទ្រដល់ការរៀបចំការប្រកួតកីឡាប៊ូល និប៉េតង់ជើងឯកថ្នាក់ជាតិឆ្នាំ២០២២ ដែលមានក្រុមហ៊ុនធំៗ មានជាអាទិ៍៖ ក្រុមហ៊ុន វឌ្ឍនៈប្រ៊ូវើរី ធនាគារ វឌ្ឍនៈ ក្រុមហ៊ុន សោម៉ា ក្រុមហ៊ុន HRK និងក្រុមហ៊ុនទឹកពិសាវីតាល់ និងដៃគូសហការ រួមមាន ក្រុមហ៊ុន Forward SportsWear និងក្រុមហ៊ុន FBT៕