(ព្រះសីហនុ)៖ លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២នេះ អញ្ជើញជួបសំណេះសំណាលដល់ក្រុមកីឡាករ សមាគមន៍កីឡាបាល់ទះ រដ្ឋបាលខេត្តព្រះសីហនុ ដែលត្រូវចេញទៅប្រកួតដណ្តើមពានរង្វាន់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅរាជធានីភ្នំពេញ។
លោក គួច ចំរើន បានថ្លែងថា ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត សូមកោតសរសើរលោកស្នងការនគរបាលខេត្ត ដែលបានបង្កើតក្រុមកីឡាបាល់ទះនេះឡើង ដើម្បីចូលរួមប្រកួតដណ្តើមពានរង្វាន់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅរាជធានីភ្នំពេញ។ ការលេងកីឡាបង្កើននូវសាមគ្គីភាព មិត្តភាពរវាងក្រុមកីឡាកមកពីបណ្តារាជធានី/ខេត្ត កីឡានាំមកនូវសុខភាព នាំឱ្យយើងមានកម្លាំងមាំមួន និងជៀសឆ្ងាយពីគ្រឿងញៀន។
ក្នុងពិធីអភិបាលខេត្ត បានធ្វើការណែនាំដល់ក្រុមកីឡាបាល់ទះ និងគ្រូបង្វឹកដែលបានរួមគ្នា ប្រឹងប្រែងបង្កើតក្រុមបាល់ទះនេះឡើង ព្រោះការប្រកួតកីឡា និងលេងកីឡាត្រូវរួមគ្នាជាក្រុម មិនអាចមានមោទនភាពចំពោះកីឡាករណាមួយបានឡើយ បើយើងរួមគ្នាជាក្រុម កត្តាទទួលបានជោគជ័យមានច្រើនសម្រាប់ក្រុមកីឡារបស់យើង ក៏ដូចជាការដណ្តើមជ័យជំនះ សម្រាប់មុខមាត់ខេត្តព្រះសីហនុផងដែរ។ ម្យ៉ាងការចេញទៅប្រកួតដណ្តើមពានរង្វាន់សម្តេចតេជោ នេះ ជាតំណាងឱ្យខេត្តព្រះសីហនុ ហើយភាពជោគជ័យវាអាស្រ័យការរួមសាមគ្គីគ្នាជាក្រុមទើបនាំយកភាពជោគជ័យសម្រាប់ខេត្តទាំងអស់គ្នា។
អភិបាលខេត្ត សង្ឃឹមថានឹងជឿជាក់ លើក្រុមកីឡាករសមាគមកីឡាបាល់ទះ រដ្ឋបាលបាលខេត្តព្រះសីហនុ នឹងខិតខំប្រកួតបញ្ចេញឱ្យអស់ពីបច្ចេកទេស ជំនាញរៀងៗខ្លួន ដើម្បីនាំមកនូវជ័យជំនះ កិត្តិយស ជូនខេត្តព្រះសីហនុរបស់យើងជាក់ជាមិនខាន។
ក្នុងឱកាសនោះ អភិបាលខេត្ត ក៏បាននាំយកថវិកាសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ឧបត្ថម្ភជូនកីឡាករចំនួន ១៧នាក់ ក្នុងម្នាក់ចំនួន ១,០០០,០០០រៀល និងឧបត្ថម្ភថវិកាចំនួន ៥,០០០,០០០រៀល ដល់សមាគមន៍ កីឡាបាល់ទះរដ្ឋបាលបាលខេត្តព្រះសីហនុ ក្នុងការដឹកនាំទៅប្រកួតនៅរាជធានីភ្នំពេញ ផងដែរ៕