(ឡុងដ៍)៖ ខ្សែការពាររបស់ក្លិប Manchester City កីឡាករ Kyle Walker បានលើកឡើងថា លោកមានជំនឿចិត្តថា លោកនឹងជាសះស្បើយពេញលេញ ពីការវះកាត់ក្រលៀនទាន់ពេលវេលា ដើម្បីអាចជាការជ្រើសរើស នៅក្នុងក្រុមជម្រើសជាតិអង់គ្លេស សម្រាប់ប្រកួតនៅព្រឹត្តិការណ៍ World Cup ក្នុងឆ្នាំនេះនៅប្រទេសកាតា។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២។
Walker វ័យ ៣២ឆ្នាំ បានស្ថិតក្រោមមុខកាំបិតកាលពីដើមខែនេះ បន្ទាប់ពីរងរបួសក្នុងការប្រកួតឈ្នះ ៦-៣ លើក្រុមភ្ញៀវ Manchester United ក្នុងក្របខណ្ឌ Premier League។
«គំនិតដំបូងរបស់ខ្ញុំឥឡូវនេះ គឺត្រឡប់ទៅវិញសម្រាប់ក្រុមជម្រើសជាតិអង់គ្លេស។ ខ្ញុំជឿជាក់ថា នឹងត្រៀមខ្លួនរួចរាល់សម្រាប់ព្រឹត្តិការណ៍ World Cup» នេះបើតាមសម្តី Walker ដែលធ្លាប់លេង ៧០លើក ឲ្យក្រុមជម្រើសជាតិតោកំណាចអង់គ្លេស ហើយជាសមាជិកសំខាន់ម្នាក់របស់អង់គ្លេស ដែលឡើងដល់វគ្គផ្តាច់ព្រ័ត្រ Euro ឆ្នាំ២០២០ និងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ World Cup ឆ្នាំ២០១៨ ដែរ។
សូមជម្រាបថា អង់គ្លេសនឹងចាប់ផ្តើមយុទ្ធនាការក្នុងពូល B របស់ពួកគេនៅប្រទេសកាតា ដោយប៉ះក្រុមអ៉ីរ៉ង់ នៅថ្ងៃទី២១ ខែវិច្ឆិកាខាងមុខ៕