(មេនឆេស្ទើ)៖ ប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសបានរាយការណ៍ថា កីឡាករ Mason Greenwood របស់ក្លិបបាល់ទាត់ Manchester United ត្រូវបានចាប់ខ្លួន ពីបទបំពានលក្ខខណ្ឌនៅក្រៅឃុំរបស់លោក ស្របពេលប៉ូលិសក្នុងតំបន់បានត្រឹមតែបញ្ជាក់ថា បុរសមិនស្គាល់ឈ្មោះវ័យ ២១ឆ្នាំម្នាក់ត្រូវបានចាប់ខ្លួន។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២។

Manchester United បានបដិសេធក្នុងការអត្ថាធិប្បាយ ខណៈអ្នកតំណាងរបស់ Greenwood ក៏មិនបានឆ្លើយតបទៅនឹងការស្នើសុំអត្ថាធិប្បាយរបស់សារព័ត៌មាន Reuters ដែរ។

«ប៉ូលិស Greater Manchester Police បានដឹងពីការចាប់ខ្លួនបុរសវ័យ ២១ឆ្នាំម្នាក់ ដែលបានបំពានលក្ខខណ្ឌនៅក្រៅឃុំរបស់គាត់ ដោយការចាប់ខ្លួននោះបានធ្វើឡើងនៅថ្ងៃសៅរ៍ ទី១៥ ខែតុលា ឆ្នាំ២០២២» នេះបើតាមប៉ូលិសបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដោយមិនបានបញ្ជាក់ឈ្មោះបុគ្គលនោះទេ។

Greenwood ត្រូវបានដោះលែងឲ្យនៅក្រៅឃុំកាលពីខែមករា ដើម្បីធ្វើការស៊ើបអង្កេតបន្ថែមទៀត បន្ទាប់ពីលោកត្រូវបានចាប់ខ្លួន ដោយសង្ស័យពីបទរំលោភ និងបំពានលើស្រ្តីម្នាក់។ លោកក្រោយមក ក៏ត្រូវបានចាប់ខ្លួនម្តងទៀត ពីបទសង្ស័យបំពានផ្លូវភេទ និងគម្រាមសម្លាប់ផងដែរ។

លោកនៅតែត្រូវបានព្យួរពីការលេងដោយក្លិបរបស់លោកដដែល ពាក់ព័ន្ធនឹងករណីនេះ៕