(ភ្នំពេញ)៖​ ការប្រកួតបាល់ទាត់ពានរង្វាន់លីគកំពូលកម្ពុជា ប្រចាំសប្តាហ៍ទី២០​ ត្រូវបានបញ្ចប់ហេីយ ដោយមានក្រុមភ្នំពេញក្រោន​ រកបាន ៣ពិន្ទុបន្ថែមទៀត​ ក្រោយយកឈ្នះម្ចាស់ផ្ទះ​ណាហ្គា​ ដោយលទ្ធផល​ ២-០​ នៅកីឡដ្ឋាន​ខេត្តកំពង់ស្ពឺ​ ដើម្បីបញ្ចប់ក្នុងតំណែង Top-4 ប្រជែងពានលីគជាបន្តទៀត។

ទាក់ទងទៅនឹងការប្រកួតរបស់ក្រុមទាំងពីរ​លេងក្នុងតង់ទី១​ ក្រុមភ្ញៀវភ្នំពេញក្រោនបាននាំមុខមុន ១គ្រាប់​ និងស៊ុតបញ្ជូលទីដោយកីឡាករ​ FAREED SADAT ពាក់លេខ១៩​ នាទីទី៤៥+២ និងឈានដល់តង់ទី២​ ក្រោន​ រកបាន ១គ្រាប់ទៀត​ និងបានទាត់បញ្ចូលទីដោយកីឡាករ​ CHHOM SOKHAY ពាក់លេខ២៤​ នៅនាទីទី៦៣​ ធ្វើឲ្យក្រុមទទួលបានជ័យជម្នះតែម្តង។

នេះមានន័យថា ភ្នំពេញក្រោនដែលជាអតីតជើងឯកលីគកំពូលកម្ពុជា ៦សម័យកាលផងនោះ បានចូលរួមជាមួយ បឹងកេត វិសាខា និងក្រុមកំពូលតារាងព្រះខ័នរាជស្វាយរៀង ក្នុងការប្រជែងពានលីគ CPL 2022 ជាបន្តទៀត ក្នុងចំណោម ៤ក្រុមដែលត្រូវប្រកួត ២ជើងបន្ថែមទៀត ដ្បិតណាហ្គា អស់ឱកាសដែលបញ្ចប់ក្នុងចំណាត់ថ្នាក់លេខ៥ នោះ។

ការប្រកួត ២ជើង ដើម្បីស្វែងរកជើងឯកនោះ នឹងយកពិន្ទុទៅបូកជាមួយពិន្ទុក្នុងជើងទី១ និងជើងទី២ ទៀតដែរ គ្រាដែលក្រុមមានពិន្ទុខ្ពស់ជាងគេ នឹងទទួលបានជើងឯកតែម្តង៕