(ភ្នំពេញ)៖ ការប្រកួតកីឡាបាល់ទះដណ្ដើមពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ឆ្នាំ២០២២ បានបើកការប្រកួតផ្លូវការហើយនាល្ងាចថ្ងៃទី១៥ ខែតុលា ស្របពេលក្រុមបាល់ទះជម្រើសជាតិកម្ពុជា បានយកឈ្នះក្រុមជម្រើសជាតិសិង្ហបុរី ដោយលទ្ធផល ២-១សិត ក្នុងជំនួបមិត្តភាពអន្ដរជាតិ ដែលជាការប្រកួតដើម្បីអបអរសាទរពិធីបើកការប្រកួតព្រឹត្ដិការណ៍ដ៏ធំនេះ។

ពិធីបើការប្រកួតនេះបានធ្វើឡើងក្រោមវត្តមានលោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា ហើយក៏មានការអញ្ជើញចូលរួមពីលោកជំទាវ Teo Lay Cheng ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពថ្មីនៃសាធារណរដ្ឋសិង្ហបុរី ប្រចាំនៅកម្ពុជា និងលោកជំទាវ Liurka Rodriguez Barrios) ឯកអគ្គរដ្ឋទូតនៃប្រទេសគុយបា ប្រចាំនៅកម្ពុជាផងដែរ។

សម្រាប់ជំនួបមិត្តភាពអន្ដរជាតិនាសាលទីលានបាល់ទះ នៃកីឡដ្ឋានព្រីនខាងលើ បានប្រកួត ៣សិតប៉ុណ្ណោះ ដោយសិតទី១ កម្ពុជា បានយកឈ្នះក្រុមភ្ញៀវសិង្ហបុរី ក្នុងពិន្ទុ ២៥-២១ តែសិតទី២ សិង្ហបុរី បានវាយបកយកឈ្នះវិញ ក្នុងពិន្ទុ ២៥-២២។ ចូលដល់សិតទី៣ ដែលជាសិតកាត់សេចក្ដី ក្រុមទាំងពីរបានប្រដេញពិន្ទុគ្នាយ៉ាងប្រកៀកប្រកិត មុនកម្ពុជា យកឈ្នះក្នុងពិន្ទុ ២៧-២៥ ដើម្បីធានាជ័យជម្នះក្នុងការប្រកួតតែម្ដង។

ឆ្លៀតឱកាសនោះ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន បានធ្វើការវាយតម្លៃខ្ពស់ ចំពោះការរៀបចំនូវពានរង្វាន់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏ដូចជាការប្រកួតមិត្តភាពអន្ដរជាតិ ដើម្បីអបអរសាទរព្រឹត្តិការណ៍ប្រវត្តិសាស្ដ្ររបស់សហព័ន្ធនេះ។ លោកបានចាត់ទុកការប្រកួតនេះ គឺជាផ្នែកមួយដ៏សំខាន់ សម្រាប់សហព័ន្ធ ក៏ដូចជាក្រុមការងារគ្រូ ក្នុងការសម្លឹងរកធនធានកីឡាករល្អៗមកពង្រឹងក្រុមជម្រើសជាតិបន្ថែមទៀត។

ប្រមុខសហព័ន្ធដដែលបានគូសបញ្ជាក់ថា «ក្នុងនាមប្រធានសហព័ន្ធ សូមចាត់ទុកការរៀបចំពានជាច្រើននាពេលកន្លងមក ពិសេសការរៀបចំពានរង្វាន់សម្ដេចតេជោនាយករដ្ឋមន្ដ្រី ឆ្នាំ២០២២ ជាឱកាសដែលធ្វើឲ្យយើងចម្រាញ់បាននូវធនធានកីឡាករ-កីឡាការិនី ដែលមានសមត្ថភាព និងទេពកោសល្យ ដើម្បីឈានទៅសម្រេចបំណងដណ្ដើមមេដាយមាស ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ»

លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធបានឲ្យដឹងដែរថា ពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ខាងលើធ្វើឡើងរយៈពេលកន្លះខែ ចាប់ពីថ្ងៃទី១៥-៣០ ខែតុលា ដោយមានបេក្ខភាព ១១ក្រុមចូលរួម ក្នុងគោលបំណងរួមចំណែកអភិវឌ្ឍន៍វិស័យបាល់ទះកម្ពុជា សម្ដៅដណ្ដើមបាននូវគុណភាពកីឡាករបាល់ទះលើឆាកអន្ដរជាតិ ពិសេសក្នុងឱកាសនៃការត្រៀមខ្លួនប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ខាងមុខ។

ចំពោះការប្រកួត នឹងប្រើរូបមន្ដប្រកួតវិលជុំ ១ជើង តាមពូលនីមួយៗ ហើយក្រុមឈរលេខ១ និងលេខ២ នឹងទទួលបានកៅអីវគ្គ ៨ក្រុមចុងក្រោយ ដើម្បីបន្ដប្រកួតប្រជែងដណ្ដើមកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និងវគ្គផ្ដាច់ព្រ័ត្រ។ សម្រាប់ប្រាក់រង្វាន់ជយលាភី ក្រុមជើងឯក នឹងទទួលបានពាន១ អមប្រាក់រង្វាន់ ១ម៉ឺនដុល្លារ, លេខ២ ទទួលបាន ៥ពាន់ដុល្លារ, លេខ៣ ទទួលបាន ៣ពាន់ដុល្លារ និងលេខ៤ ទទួលបាន ២ពាន់ដុល្លារ។

គួរដឹងថា ក្នុងឱកាសនៃពិធីបើកការប្រកួតខាងលើ មុនឈានដល់ការប្រកួតមិត្តភាពអន្ដរជាតិ រវាងកម្ពុជា និងសិង្ហបុរី ក៏មានការប្រកួតបើកឆាកពូល B មួយប្រកួតផងដែរ ដោយក្រុមបញ្ជាការដ្ឋានអង្គរក្ស បានវាយបកយកឈ្នះក្រុមស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ដោយលទ្ធផល ៣-១សិត ជាមួយពិន្ទុ ២២-២៥, ២៥-២៣, ២៥-១៩ និង ២៥-១១៕