(បរទេស)៖ ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Apple កំពុងប្រឈមមុខនឹងការផាកពិន័យប្រមាណ ១៩លានដុល្លារពីប្រទេសប្រេស៊ីលជុំវិញការដាក់លក់ស្មាតហ្វូនដោយមិនមានរួមបញ្ចូលខ្សែសាក។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២។

កាលពីខែកញ្ញាកន្លងទៅ Apple ត្រូវបានក្រសួងយុត្តិធម៌ប្រេស៊ីល បញ្ជាឱ្យបញ្ឈប់ការលក់ iPhone ម្តងរួចទៅហើយ ខណៈរដ្ឋាភិបាលប្រេស៊ីលធ្លាប់បានបញ្ជាក់ថា ប្រសិនបើកញ្ចប់ស្មាតហ្វូនជំនាន់ថ្មីនោះមិនរួមបញ្ចូលខ្សែសាកខ្សែទេនោះ នឹងត្រូវទទួលខុសត្រូវចំពោះការពិន័យជាប្រាក់ប្រមាណ ២.៣៤លានដុល្លារ។

គិតមកទល់ពេលនេះ Apple កំពុងប្រឈមមុខជាថ្មីម្តងទៀតចំពោះបណ្តឹងដែលត្រូវបានដាក់ដោយអង្គការអ្នកប្រើប្រាស់ប្រេស៊ីល នឹងត្រូវបានបញ្ចូនទៅកាន់តុលាការស៊ីវិល Sao Paulo។ ដោយឡែកទាក់ទិននឹងបណ្តឹងនេះត្រូវបានគេអះអាងថា ត្រូវបានធ្វើឡើងដើម្បីឱ្យផលិតផលដែលដាក់លក់នៅប្រេស៊ីលអាចដំណើរការបានល្អសម្រាប់អ្នកប្រើប្រាស់ប្រេស៊ីល រួមទាំងដាក់កម្រិតលើ Apple សម្រាប់ការកេងចំណេញ នឹងត្រូវបានពិន័យឱ្យសងរាល់ការខូចខាតក្នុងទំហំ ១៩លានដុល្លារ។

យោងតាមចៅក្រមលោក Caramuru Afonso Francisco បានគូសបញ្ជាក់ថា Apple ត្រូវតែទទួលខុសត្រូវរាល់កំហុសទាំងនេះ ហើយត្រូវផ្តល់ខ្សែសាកដល់អ្នកប្រើប្រាស់ទាំងអស់នៅក្នុងប្រទេសប្រើស៊ីលដែលបានទិញស្មាតហ្វូនមុនៗដូចជា iPhone 12 ឬ iPhone 13 ក្នងរយៈពេលពីរឆ្នាំកន្លងមកនេះ។ លើសពីនេះទៅទៀតរាល់ផលិតផលជំនាន់ក្រោយៗទាំងត្រូវតែដាក់ខ្សែសាកដល់អ្នកប្រើប្រាស់ តែយ៉ាងណាចំពោះការសម្រេចនេះមិនទាន់ចប់នោះទេ ខណៈគេលើកឡើងថា បណ្តឹងនេះអាចនឹងត្រូវដាក់ប្តឹងនៅឧទ្ធរណ៍បន្ត៕