(ម៉ាឌ្រីដ)៖ ក្រុមអធិរាជស Real Madrid បានយកឈ្នះគូប្រជែង FC Barcelona ក្នុងលទ្ធផល ៣ទល់នឹង១ នាយប់មិញនេះក្នុងជំនួប El Clasico ដើម្បីបន្តកាន់កាប់តំណែងកំពូលតារាង La Liga ជាបន្តទៀតក្នុងសប្តាហ៍ទី៩ ជើងទី១ នេះ។
ក្រុមការពារតំណែងជើងឯក La Liga មួយនេះបន្តធ្វើបានល្អទៀតក្នុងជំនួបខ្លាំងប៉ះខ្លាំងនៅអេស្ប៉ាញ El Clasico លើកទី២៥០ និងផ្តល់មេរៀនចាញ់លើកដំបូងដល់ Barcelona នារដូវកាលនេះផងដែរក្នុងលីគកំពូល ស្ថិតក្រោមការបង្វឹករបស់លោក Xavi Hernandez។
ខ្សែប្រយុទ្ធ Karim Benzema ជាអ្នករកបានគ្រាប់បែកពងមាន់នៅនាទី១២ នៅក្រោយពេល Vinicius Jr ស៊ុត ១ជើងយ៉ាងស្អាត តែត្រូវបានសង្រ្គោះដោយ Marc-Andre ter Stergen នៅពេលកីឡាករអន្តរជាតិអាហ្សង់ទីន Federico Valverde រកបានគ្រាប់ទី២ នៅមុនពេលបញ្ចប់វគ្គទី១ និងជាគ្រាប់ទី៣ របស់គេផងដែរក្នុងជំនួប El Clasico នេះ ដោយ ១គ្រាប់រកបានក្នុងទឹកដី ១គ្រាប់ទៀតរកបាននៅទឹកដី Barcelona និង ១គ្រាប់ផ្សេងទៀតរកបាននៅទឹកដីកណ្តាលគឺប្រទេសអារ៉ាប៊ីសាអូឌីត។
ក្នុងជំនួបដ៏ស្វិតស្វាញនោះដែរ អតីតខ្សែប្រយុទ្ធ Manchester City គឺកីឡាករ Ferran Torres រកបានតែ ១គ្រាប់វាយបកឲ្យក្រុមភ្ញៀវអ្នកមានបុណ្យនៅនាទីចុងម៉ោង នៅពេលពួកគេរកបានជ័យជម្នះ ៧លើកមកហើយ ក្រៅពីស្មើ១ និងចាញ់១ ចាញ់ប្រៀបក្រុមកំពូលតារាង Real Madrid ដែលលេងមិនទាន់ចាញ់ ៣ពិន្ទុពីពិន្ទុសរុប ២២ទល់នឹង២៥។
តែយ៉ាងណា វាក៏បានក្លាយជាការបរាជ័យក្រៅដីលើកដំបូងសម្រាប់ FC Barcelona ផងដែរនៅ La Liga ដោយស្ថិតក្រោមការបង្វឹករបស់លោក Xavi ជិត ១ឆ្នាំមកនេះ៕