(ភ្នំពេញ)៖ លោក សុខ សូកាន រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជា បានធ្វើការណែនាំ ៣ចំណុចដល់កីឡាករ-កីឡាការិនី ពិសេសលោកបានអំពាវនាវចៀសវាងនូវការរើសអើង ដើម្បីធានាបាននូវការអភិវឌ្ឍប្រកបដោយចីរភាព និងកាន់តែរីកចម្រើនបន្ថែមទៀត។

ការលើកឡើងនេះ ធ្វើឡើងក្នុងពិធីបិទការប្រកួតកីឡាប៊ូល និងប៉េតង់ជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២២ បន្ទាប់ពីដំណើរការប្រកួតរយៈពេល ២ថ្ងៃកាលពីថ្ងៃទី១៥-១៦ ខែតុលា នៅពហុកីឡដ្ឋានជាតិ ដោយមានប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចូលរួមសរុប ១២៤នាក់ មកពី ១៧សមាគម/ក្លិបទូទាំងប្រទេស ក្រោយបញ្ចប់ការប្រកួតជម្រុះតាមតំបន់ចំនួន៥ និងស្ថាប័នចំនួន៤ កាលពីថ្មីៗ។

ប្រធានសហព័ន្ធខាងលើបានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណៈកម្មការរៀបចំ ពិសេសកីឡាករ-កីឡាការិនី ដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ក្នុងការប្រកួតនេះ។ លោកបានចាត់ទុកនេះ គឺជាឱកាសល្អមួយ សម្រាប់សហព័ន្ធក្នុងការសម្លឹងមើលធនធានកីឡាករ-កីឡាការិនីល្អៗមកបណ្ដុះបណ្ដាល និងស្នងតំណែងរៀមច្បង ត្រៀមចូលរួមការប្រកួតអន្ដរជាតិនានា ពិសេសព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។

ទន្ទឹមជាមួយគ្នាលោកបានអំពាវនាវ ៣ចំណុចដល់កីឡាករ-កីឡាការិនី ដែលទើបបញ្ចប់ការប្រកួតជើងឯកថ្នាក់ជាតិរួមមាន៖

១-ជាតថាភាពនៃការប្រកួតប្រជែង ពុំអាចឲ្យមានទទួលបានជយលាភីទាំងអស់នោះទេ។ ដូចនេះសូមកុំឲ្យមានភាពរើសអើង ចំពោះកីឡាករ-កីឡាការិនីទទួលបានជយលាភី ឬពុំទទួលបានជយលាភី ដោយនេះបានបង្ហាញពីការគោរពដល់ស្មារតីកីឡា តែផ្ទុយទៅវិញយើងត្រូវផ្ដល់នូវការសាទរ ចំពោះអ្នកទទួលបានជយលាភី ដែលមានសមត្ថភាពខ្ពស់ជាង ប្រកបដោយស្មារតីសាមគ្គីភាព ក្នុងនាមជាគ្រួសារកីឡាប៉េតង់កម្ពុជា។

២-ចំពោះអ្នកពុំទទួលបានជយលាភី ពុំត្រូវបាក់ទឹកចិត្ត ឬអស់សង្ឃឹមនោះទេ សូមចាត់ទុកការមិនទទួលបានជោគជ័យនេះ ជាមេរៀនដែលអនុញ្ញាតឲ្យយើងស្វែងយល់ពីចំណុចខ្វះខាត និងអាចធ្វើឲ្យយើងកាន់តែរឹងមាំជាងមុន។ ផ្ដើមចេញពីចំណុចនេះ គួររៀនដកស្រង់បទពិសោធន៍ និងបច្ចេកទេស ដែលទទួលបានមកពីការប្រកួត ព្រមទាំងអត់ធ្មត់ តស៊ូ និងខិតខំប្រឹងប្រែងបន្ថែមទៀត ក្នុងការអភិវឌ្ឍន៍ និងសម្រួចសមត្ថភាពលើទីលានហ្វឹកហាត់ និងទីលានប្រកួតនាឱកាសក្រោយៗទៀត ដើម្បីសម្រេចគោលដៅឈានឆ្ពោះទៅធ្វើជាកីឡាករ-កីឡាការិនីអាជីពនាពេលខាងមុខ។

៣-តាមរយៈលទ្ធផលនៃការប្រកួតប្រជែង ខ្ញុំសូមលើកទឹកចិត្ដដល់បងប្អូនកីឡាករ-កីឡាការិនី ឲ្យបន្ដហ្វឹកហាត់ប្រកបដោយគុណភាព គុណផល និងបច្ចេកទេស ដោយតម្រូវឲ្យមានការប្រកួតប្រជែងជាប្រចាំ ដើម្បីជាវាស់ស្ទង់កម្រិតសមត្ថភាព ព្រមទាំងដកស្រង់បទពិសោធន៍ពីដៃគូប្រកួតរបស់ខ្លួន ដើម្បីបន្ដដុសខាត់សមត្ថភាពត្រៀមការប្រកួតនាពេលអនាគត។

ចំពោះលទ្ធផលនៃការប្រកួតលើ ៥វិញ្ញាសា គឺក្រុមកីឡាប៊ូល និងប៉េតង់ ក្រសួងការពារជាតិ ដណ្ដើមបានមេដាយច្រើនជាងគេ មានមេដាយមាស ២ និងប្រាក់ ១ ខណៈក្រសួងមហាផ្ទៃ ឈរលេខ២ ដណ្ដើមបានមេដាយមាស ១ ប្រាក់ ១ និងសំរឹទ្ធ។ រីឯទីស្ដីការគណៈរដ្ឋមន្ដ្រី ឈរលេខ៣ ដណ្ដើមបានមេដាយមាស ១ និងសំរឹទ្ធ ២ និងសម្ព័ន្ធកីឡាប៊ូល និងប៉េតង់សម្ដេចវិបុលបញ្ញា សុខ អាន ខេត្តតាកែវ ដណ្ដើមបានមេដាយមាស ១ និងសំរឹទ្ធ ១ ឈរចំណាត់ថ្នាក់លេខ៤៕