(លីវើភូល)៖ ខ្សែប្រយុទ្ធជួរមុខ Mohamed Salah រកបាន ១គ្រាប់ជ័យជម្នះនៅនាទី៧៦ ឲ្យក្រុមហង្សក្រហម Liverpool យកឈ្នះគូប្រជែង Manchester City ក្នុងលទ្ធផល ១ទល់នឹង០ នាយប់មិញនេះដោយបានបញ្ចប់កំណត់ត្រាលេងមិនចាញ់របស់ក្រុមការពារតំណែងជើងឯកមេឃខៀវផងដែរ។
កីឡាករចាំទី Alisson Becker ជាអ្នកបញ្ជូនបាល់ឲ្យមិត្តរួមក្រុមអន្តរជាតិអេហ្ស៊ី Salah បញ្ចប់ទីយ៉ាងស្អាតក្នុងទឹកដី Anfield និងជាការរកបានគ្រាប់ទី៦ ផងដែរក្នុងការបង្ហាញខ្លួនបាន ១១លើកក្នុងលីគ Premier League ពេល Liverpool ប៉ះ Manchester City ទៀតផង។
នៅរាត្រីថ្ងៃអាទិត្យ នៃសប្តាហ៍ទី១០ សម្រាប់ជើងទី១ ម៉ាស៊ីនរកគ្រាប់ Erling Haaland របស់ City បានខកខានរកគ្រាប់បាល់ ដ្បិតគេក៏បានស៊ុត ២ជើងផងដែរ តែត្រូវបាន Alisson Becker ជួយសង្រ្គោះបាន ដើម្បីបញ្ចប់កំណត់ត្រាលេងមិនចាញ់ក្នុងលីគនារដូវកាលឆ្នាំ២០២២-២០២៣ នេះ។
ក្នុងជំនួបក្តៅទីលាននោះដែរ អ្នកចាត់ការទូទៅ Liverpool គឺលោក Jurgen Klopp ក៏ត្រូវបានអាជ្ញាកណ្តាល Anothony Taylor ពិន័យកាតក្រហមបណ្តេញចេញពីទីលានផងដែរ នៅពេលរូបលោកតវ៉ាថា កូនក្រុម Salah របស់លោកមានគេបង្កកំហុសនោះ តែក្រោយមករីករាយវិញជាមួយនឹងលទ្ធផលឈ្នះក្នុងដី បើទោះបីពួកគេឈរនៅលេខរៀងទី៨ ជាមួយ ១៣ពិន្ទុចាញ់ប្រៀបក្រុមលេខ២ City ដែលមាន ២៣ពិន្ទុក៏ដោយ៕