(បរទេស)៖ បើទោះបីជាប្រទេសចិនបង្ហាញពីការមិនពេញចិត្តលើការផ្តល់ជំនួយអ៊ីនធឺណិតពីក្រុមហ៊ុន SpaceX នៅក្នុងប្រទេសអ៊ុយក្រែន រួមទាំងដាក់ចេញការហាមប្រាមការលក់នៅក្នុងប្រទេសចិនក៏ដោយ លោក Elon Musk នៅតែបង្ហាញជំហររបស់ខ្លួនដូចដើម។ ខណៈរបាយការណ៍ថ្មីនេះបង្ហាញថា Musk នឹងនៅតែបន្តផ្តល់ជំនួយអ៊ីនធឺណិតដល់អ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២។

លោក Elon Musk បានលើកឡើងនៅលើគណនី Twitter ផ្ទាល់ខ្លួនរបស់លោកថា «បើទោះបីជាអ៊ីនណិត Starlink បានបាត់បង់ចំណូលពីការដាក់ឱ្យប្រើនេះដោយ ក៏យើងនៅតែបន្តដាក់ឱ្យរដ្ឋាភិបាល ក៏ដូចជាប្រជាជនក្នុងប្រទេសអ៊ុយក្រែន អាចប្រើអ៊ីនធឺណិតរបស់យើង ដោយឥតគិតថ្លៃ»

លើសពីនេះទៅទៀត Musk ថែមទាំងបញ្ជាក់ទៀតថា ដរាបណាប្រទេសអ៊ុយក្រែននៅតែបន្តស្ថិតនៅក្នុងសង្រ្គាម SpaceX នឹងនៅតែផ្តល់មូលនិធិ Starlink ដល់អ៊ុយក្រែន ហើយលោកនឹងនៅតែបន្តជាជំនួយដល់ជនស៊ីវិល និងយោធានៅលើអ៊ីនធឺណិតក្នុងអំឡុងពេលសង្រ្គាមជាមួយរុស្ស៊ី។

គួរបញ្ជាក់ដែរថា Musk ចាប់ផ្តើមផ្តល់ជំនួយសេវាអ៊ីនធឺណិត Starlink ក្នុងប្រទេសអ៊ុយក្រែនអស់ជាច្រើនខែមកហើយ ពោលគឺចាប់តាំងពីរុស្ស៊ីចូលឈា្លនពានជាលើកដំបូងមកម្លេះ៕