(ភ្នំពេញ)៖ ក្រុមហ៊ុន Biplan Global Co., Ltd (Biplan Global), សមាគមអ្នកបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា (CAFT) និងក្រុមហ៊ុន S.A. Investment Holdings (SA Solutions for Asia) ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី បានចាប់ដៃគ្នា​បង្កើតវេទិកាពិភាក្សាទាក់ទងនឹង ការធានាសុវត្ថិភាពប្រព័ន្ធឌីជីថលនៅកម្ពុជានាពេលអនាគត ​ដោយមានការចូលរួមពីអ្នកជំនាញមកពីផ្នែកហិរញ្ញវត្ថុ ធនាគារ និងបច្ចេកវិទ្យាហិរញ្ញវត្ថុ (ហៅកាត់Fintech)។

សិក្ខាសាលានេះស្ថិតក្រោមប្រធានបទ «Securing Cambodia's Digital Future 2022» ដោយបានប្រមូលផ្តុំក្រុមអ្នកជំនាញជាវាគ្មិនកិត្តិយសផ្នែកសន្តិសុខតាមអ៊ីនធឺណិតពី Alibaba Cloud ដើម្បីចែករំលែកការយល់ឃើញរបស់ពួកគេលើទិដ្ឋភាពសន្តិសុខតាមអ៊ីនធឺណិតនាពេលបច្ចុប្បន្ននេះ។

ប្រធានបទដែលបានពិភាក្សាជាអាថ៌រួមមាន វិធីសាស្រ្តដែល Alibaba Cloud កំពុងរៀបចំអនាគតនៃនិន្នាការឧស្សាហកម្ម Fintech និងវិស័យហិរញ្ញវត្ថុ ដែលយើងគួរយកចិត្តទុកដាក់ ក៏ដូចជាវិធីសាស្រ្តក្នុងការធានាឱ្យបាននូវសុវត្ថិភាពហេដ្ឋារចនាសម្ព័ន្ធនៃព័ត៌មានសំខាន់ៗរបស់កម្ពុជាដោយការប្រើប្រាស់ Cloud Securities និងការប្រើប្រាស់ដំណោះស្រាយ Hybrid Cloud ដើម្បីបង្កើនប្រសិទ្ធភាព និងការកំណត់ទំហំ ខណៈពេលរក្សាការធ្វើមូលដ្ឋានីយកម្មទិន្នន័យ។

លោក Kirill Bratchenko នាយកប្រតិបត្តិនៃក្រុមហ៊ុន Biplan Global Co., Ltd លោក Remi Pell ប្រធានសមាគមអ្នកបច្ចេកវិទ្យាហិរញ្ញវត្ថុកម្ពុជា (CAFT) និងលោក Ainsley Jong ឯកអគ្គរដ្ឋទូតសុច្ឆន្ទៈGoodwill ប្រចាំកម្ពុជា និងជានាយកប្រតិបត្តិនៃ SA (Solutions for Asia) ប្រចាំតំបន់អាស៊ី បានផ្តល់ការចែករំលែកជាកិច្ចបើកកម្មវិធី ដើម្បីស្វាគមន៍យ៉ាងកក់ក្តៅចំពោះភ្ញៀវកិត្តិយសដែលបានអញ្ជើញមកពីផ្នែកហិរញ្ញវត្ថុ និងធនាគារ។

​ក្នុងនោះដែរ លោក Edy Susanto នាយកអភិវឌ្ឍន៍អាជីវកម្មនៃ Alibaba Cloud បានផ្តល់ការពិភាក្សាយ៉ាងទូលំទូលាយអំពីមាន វិធីសាស្រ្តដែល Alibaba Cloud កំពុងរៀបចំអនាគតនៃនិន្នាការឧស្សាហកម្ម Fintech និងវិស័យហិរញ្ញវត្ថុ ខណៈដែលលោក Jawn Lim ស្ថាបត្យករដំណោះស្រាយជាន់ខ្ពស់នៃ Alibaba Cloudបានផ្ដល់ការចែករំលែកក្នុងរូបភាពជារួមនៃសន្តិសុខ និងដំណោះស្រាយផ្សេងៗដែល Alibaba Cloud អាចធានាបាននូវហេដ្ឋារចនាសម្ព័ន្ធព័ត៌មានសំខាន់ៗរបស់កម្ពុជា (CII ) ដើម្បីជាការឆ្លើយតបទៅនឹងតម្រូវការនាពេលអនាគត​៕