(ភ្នំពេញ)៖ ទាក់ទងទៅនឹងការប្រកួតពានរង្វាន់ជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២២​ បានឈានចូលសប្តាហ៍ទី២១ ហើយនៅចុងសប្តាហ៍នេះ ដោយក្រុម TOP-4 ជួបគ្នា ខណៈគិរីវង់ ប៉ះទ័ព និងអង្គរថាយហ្គឺរ ជួបណាហ្គាបង្គ្រប់កិច្ច នៅថ្ងៃសៅរ៍ ទី២២ ខែតុលា។

អ្វីដែលសំខាន់ផងនោះ​​ នៅចុងសប្តាហ៍នេះមានគូពិសេសៗ TOP-4 ត្រូវជួបគ្នា រវាងក្រុមវិសាខា ប៉ះព្រះខ័នរាជស្វាយរៀង នៅក្នុងទឹកដីនៃកីឡដ្ឋាន ព្រីសន៍  និងភ្នំពេញក្រោន ប៉ះ បឹងកេត​​ នៅទឹកដីកីឡដ្ឋាន អ.អេស.អិន នាម៉ោង ១៨៖៣០នាទីល្ងាច។

គួររំលឹកថា ក្រុមវិសាខា កាលពីសប្តាហ៍ទី២០  បានយកឈ្នះក្រុមម្ចាស់ផ្ទះ កងយោធពលខេមរភូមិន្ទ នៅក្នុងលទ្ធផល ២-១ កាលពីថ្ងៃសៅរ៍ ទី១៥ ខែតុលាកន្លងទៅ។ វិសាខាបានឆ្លងកាត់២០ប្រកួតមកនេះ ឈ្នះ១២ ស្មើ៣ ចាញ់៥ បានឈរនៅចំណាត់ថ្នាក់លេខ២ មាន៣៩ពិន្ទុ។

រីឯក្រុមព្រះខ័នរាជស្វាយរៀងវិញ កាលពីសប្តាហ៍ទី២០ ក៏បានបំបាក់ក្រុមភ្ញៀវអង្គរថាយហ្គឺរ យ៉ាងចាស់ដៃ ក្នុងលទ្ធផល ៦-០។ ស្វាយរៀងក្រោយពីបានឆ្លងកាត់២០ប្រកួតមកនេះដូចគ្នា ឈ្នះ១៤ ស្មើ៣ ចាញ់៣ និងឈរនៅកំពូលតារាងលេខ១ មាន៤៥ពិន្ទុ។

សម្រាប់ក្រុមភ្នំពេញក្រោន សប្តាហ៍ទី២០ ក៏ដូចគ្នាដែលបានយកឈ្នះក្រុមម្ចាស់ផ្ទះ ណាហ្គា ក្នុងលទ្ធផល ២-០ កាលពីថ្ងៃសៅរ៍ ទី១៥ ខែតុលា កន្លងទៅ។ ភ្នំពេញក្រោន ឆ្លងកាត់២០ប្រកួតមកនេះ ឈ្នះ៩ ស្មើ៦ ចាញ់៥ និងបានឈរនៅចំណាត់ថ្នាក់លេខ៤ មាន៣៣ពិន្ទុ។

ចំណែកឯក្រុមបឹងកេតវិញ កាលពីសប្តាហ៍ទី២០ ​បានយកឈ្នះក្រុមភ្ញៀវ គិរីវង់សុខសែនជ័យ យ៉ាងចាស់ដៃ ក្នុងលទ្ធផល ៥-០។ បឹងកេត ឆ្លងកាត់២០ប្រកួតមកនេះ​ ឈ្នះ១០ ស្មើ៥ ចាញ់៥ បានឈរនៅចំណាត់ថ្នាក់លេខ៣ មាន៣៥ពិន្ទុ។

សូមបញ្ជាក់ថា សម្រាប់៤ក្រុមទៀតដែលត្រូវប្រកួតដើម្បីបង្គ្រប់កិច្ចជើងទី៣ នៃការប្រកួតពានរង្វាន់ជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២២​ នៅថ្ងៃសៅរ៍ ទី២២ ខែតុលា ២០២២នោះ​ រួមមាន៖
១៖ ​អង្គរថាយហ្គឺរ Vs ណាហ្គា
២៖ ក្រុមគិរីវង់សុខសែនជ័យ Vs កងយោធពលខេមរភូមិន្ទ៕