(បរទេស)៖ បន្ទាប់ពីសហរដ្ឋអាមេរិកដាក់ចេញការរឹតបន្តឹងការនាំចេញបន្ទះឈីបកាន់តែតឹងរ៉ឹងប្រឆាំងនឹងក្រុមហ៊ុនបច្ចេកវិទ្យាចិន ពេលនេះក្រុមហ៊ុនអាមេរិក Apple សម្រេចផ្អាកផែនការប្រើប្រាស់បន្ទះឈីបពីក្រុមហ៊ុនចិនមួយហើយ ដែលមានឈ្មោះថា Yangtze Memory Technologies Co (YMTC) នៅក្នុងផលិតផលរបស់ខ្លួន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២។

ប្រភពពី Nikkei Asia បានឱ្យដឹងថា ក្រុមហ៊ុន Apple គ្រោងនឹងចាប់ផ្តើមប្រើប្រាស់បន្ទះឈីប NAND flash memory របស់ YMTC ដែលត្រូវបានផ្តល់មូលនិធិដោយរដ្ឋនៅដើមឆ្នាំក្រោយនេះ។ ដោយឡែកក្នុងនោះ Apple កំពុងស្ថិតក្នុងការពិចារណាលើការទិញយកបន្ទះឈីបពី YMTC រហូតដល់ទៅខ្ទង់ ៤០ភាគរយឯណោះសម្រាប់ផលិតផល iPhone របស់ខ្លួន ខណៈដែលបន្ទះឈីបដែល Apple គ្រោងនិងទិញយកនោះនឹងត្រូវបានគេយកទៅប្រើប្រាស់នៅក្នុង iPhone ទាំងអស់។

ប្រភពដដែលបន្តទៀតថា ទាក់ទិននឹងការសម្រេចផ្អាកផែនការភ្លាមៗរបស់ Apple នេះគឺដោយសារតែកាលពីសប្តាហ៍មុននេះ ក្រុមហ៊ុន YMTC និង អង្គភាពរបស់ចិនចំនួន ៣០ផ្សេងទៀតបានរកឃើញភាពមិនប្រក្រតីមួយចំនួន។ ដោយឡែកគិតមកទល់ពេលនេះ YMTC ក៏កំពុងត្រូវបានស៊ើបអង្កេតដោយក្រសួងពាណិជ្ជកម្មសហរដ្ឋអាមេរិកផង ថាតើក្រុមហ៊ុននេះបានរំលោភលើការគ្រប់គ្រងការនាំចេញរបស់អាមេរិក ដោយដាក់លក់បន្ទះឈីបទៅឱ្យក្រុមហ៊ុនទូរគមនាគមន៍ចិន Huawei Technologies Co Ltd ដែលជាប់ក្នុងបញ្ជីខ្មៅ ដែរឬទេ។

គួរបញ្ជាក់ដែរថា ការដាក់ចេញការហាមប្រាមក្នុងការនាំចេញបន្ទះឈីបទៅកាន់ប្រទេសចិននេះ ត្រូវបានធ្វើឡើងដោយរដ្ឋបាលលោក Biden ដែលទាំងនេះទំនងជាធ្វើឡើងដើម្បីពន្យឺតការជឿនលឿនផ្នែកបច្ចេកវិទ្យា និងយោធាទីក្រុងប៉េកាំង ដោយកាត់ផ្តាច់ការផ្គត់ផ្គង់របស់ប្រទេសចិនចេញពីបន្ទះឈីបមួយចំនួនដែលត្រូវបានផលិតស្ទើរតែនៅគ្រប់ទីកន្លែងក្នុងពិភពលោកជាមួយនឹងឧបករណ៍របស់សហរដ្ឋអាមេរិក៕