(ភ្នំពេញ)៖ ឧកញ៉ាបណ្ឌិត ផន វណ្ណិត អតីតនិស្សិតពីសាកលវិទ្យាល័យនៅប្រទេសឥណ្ឌា និងជាសាស្រ្តាចារ្យ ហើយបច្ចុប្បន្នជាអ្នកអភិវឌ្ឍអចលនទ្រព្យមួយរូប នៅក្នុងពិភពជំនួញនៅប្រទេសកម្ពុជាដ៏ល្បីឈ្មោះ បានសម្រេចបង្ហាញសៀវភៅជាស្នាដៃផ្លូវការដំបូងរបស់ខ្លួន ក្រោមចំណងជើងថា «ថ្វីគំនិត»។
ម្ចាស់ស្នាដៃនិពន្ធ ឧកញ៉ាបណ្ឌិត ផន វណ្ណិត បានថ្លែងថា សៀវភៅ «ថ្វីគំនិត» គឺជាឃ្លាំងចំណេះដឹង បទពិសោធ និងព័ត៌មានមិនចេះរីងស្ងួត ហើយជារូបមន្តដ៏ឆ្នើមចូលរួមបង្កើតឲ្យស្ថាប័នខ្លាំង អ្នកដឹកនាំខ្លាំង បុគ្គលិកខ្លាំង បុគ្គលភាពដ៏ខ្លាំងពូកែ។ លោកបន្តថា សៀវភៅថ្វីគំនិត ក៏ជាសំណៅឯកសារទុកជាគន្លឹះសម្រាប់ការវិនិយោគ គំនិតសេដ្ឋីវិស័យអចលនទ្រព្យ ការប្រមូលទុន រៀបចំអនាគត ដើម្បីស្រូបយកលុយបង្កើតទ្រព្យ។ លើសពីនេះ ក៏មានលទ្ធភាពជួយឲ្យមនុស្សគ្រប់គ្នា យល់ដឹងកាន់តែស៊ីជម្រៅក្នុងការបង្កើតគិត ប្រើប្រាស់គំនិត ក្បួនរៀបចំផែនទីជីវិត និងគោលការណ៍ដឹកនាំធុរៈកិច្ច ក្នុងស្មារតីគុណធម៌ធំធេងគ្មានទីកំណត់។
បើតាមអ្នកនិពន្ធរូបនេះ «ថ្វីគំនិត» បង្កើតភាពជាសហគ្រិនក្នុងវិស័យអចលនទ្រព្យ និងជាគម្ពីរសម្រាប់ជាទុនគំនិតឈ្វេងយល់ ពីតម្លៃខ្លួនឯងឲ្យច្បាស់ បង្កើនសុភមង្គលប្រកបដោយសោភ័ណជីវិតថ្លៃថ្លា។ លោកឧកញ៉ាពន្យល់ថា សោភ័ណជីវិត គឺជាវិថីដែលអ្នកមានភាគច្រើនបានជួបប្រសព្វ និងបែងចែកត្រឡប់ទៅកាន់មនុស្សទូទៅ តាមរយៈសកម្មភាពទាំងកាយ ទាំងចិត្ត និងបរិច្ចាគទ្រព្យធនធានជាដើម។
ឧកញ៉ាបណ្ឌិត ផន វណ្ណិត បានថ្លែងដកស្រង់ខ្លឹមសារក្នុងសៀវភៅថ្វីគំនិត បង្ហាញយ៉ាងដូច្នេះថា រកស៊ីក្នុងវិស័យអចលនទ្រព្យ មិនមែនគ្រប់គ្នាសុទ្ធតែជោគជ័យនោះទេ ក្នុងនោះក៏មានអ្នកខាតបង់ឡុងចុងក៏មានដែរ។ ដូច្នេះមុនធ្វើការរកស៊ី ត្រូវមានក្បួនខ្នាត បាត្រាឲ្យបានត្រឹមត្រូវ។ ជីវិតបើរស់នៅប្រើទម្លាប់គិតរឿយៗ តែត្រូវគិតឲ្យចំណេញ នឹងជំរុញស្មារតីរបស់យើងឲ្យមានការសម្រេចចិត្តខ្ពស់ ក្នុងកិច្ចការទាំងពួង។
👉រួសរាន់ឡើង កម៉្មង់សៀវភៅ «ថ្វីគំនិត» បោះពុម្ពលើកទី១ មានចំនួនកំណត់៕
https://t.me/oknhaphanvannithofficial