(ភ្នំពេញ)៖ រាជរដ្ឋាភិបាលបានសម្រេចតែងតាំងលោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡាជាប្រធានគណៈកម្មាធិការ អនុវត្តគម្រោងមជ្ឈមណ្ឌលអប់រំ និងបណ្តុះបណ្តាល ជា ស៊ីម កំចាយមារ។

ពិធីប្រកាសតែងតាំងនេះ បានធ្វើឡើងនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅសាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ ក្នុងស្រុកកំចាយមារ។

លោក ស សុខា បានឱ្យដឹងថា មជ្ឈមណ្ឌលអប់រំ និងបណ្តុះបណ្តាល ជា ស៊ីម កំចាយមារ បង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងគោលដៅក្លាយជាមជ្ឈមណ្ឌលអប់រំគំរូមួយ នៅកម្ពុជា ក្នុងការផ្តល់បណ្តុះសេវាកម្មអប់រំ និងបណ្តុះបណ្តាល ដែលធានាបាននូវប្រសិទ្ធភាព និងគុណភាព។

លោក ស សុខា បានបញ្ជាក់អំពីទស្សនវិស័យ និងគោលបំណងសំខាន់ក្នុងការបង្កើតមជ្ឈមណ្ឌលអប់រំ និងបណ្តុះបណ្តាល ជា ស៊ីម កំចាយមារ គឺដើម្បីប្រមូលផ្តុំសេវាកម្មអប់រំ និងបណ្តុះបណ្តាល ដែលមានទំនាក់ទំនងគ្នា ចាប់តាំងកម្រិតមត្តេយ្យសិក្សា ដល់ឧត្តមសិក្សា សំដៅផ្តល់ឱកាសសិក្សា និងភាពងាយស្រួល ដល់កូនចៅប្រជាពលរដ្ឋ និងមន្ត្រីរាជការនៅមូលដ្ឋាន ព្រមទាំងបង្កភាពងាយស្រួល ក្នុងការអនុវត្តកម្មវិធីសិក្សា (បន្ស៉ីគ្នាពីកម្រិតមួយ ទៅកម្រិតមួយទៀត) ប្រើប្រាស់ធនធានមនុស្ស ធនធានរូបវន្ត និងហេដ្ឋារចនាសម្ព័ន្ធរួមគ្នា ហើយសំខាន់ជាងនេះទៅទៀត គឺដើម្បីបណ្តុះសហគ្រិនភាពដល់យុវជនមូលដ្ឋានចូលរួមចំណែក ក្នុងការកាត់បន្ថយភាពក្រីក្រ ក៏ដូចជា៖ កំណើនសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតឱកាសការងារ និងទីផ្សារផលិតផលក្នុងស្រុក។

ជាមួយគ្នានេះ លោក ស សុខា បានបន្ថែមថា មជ្ឈមណ្ឌលអប់រំ និងបណ្តុះបណ្តាល ជា ស៊ីម កំចាយមារ បានប្រមូលផ្តុំសេវាកម្មអប់រំសំខាន់ៗ ចំនួន៥ផ្នែកដូចខាងក្រោម៖

*ទី១៖ សាលាចំណេះទូទៅ៖ ដែលរួមបញ្ចូលទាំងមត្តេយ្យសិក្សា បឋមសិក្សា អនុវិទ្យាល័យ និងវិទ្យាល័យ មិនត្រឹមតែផ្តល់ឱកាសឱ្យកូនចៅប្រជាជនមូលដ្ឋាន និងមន្រ្តីរាជការ បានចូលសិក្សាប៉ុណ្ណោះទេ ប៉ុន្តែជាសាលាអនុវត្តន៍ សម្រាប់និសិ្សត នៅវិទ្យាស្ថានអប់រំ និងគរុកោសល្យ (ដែលនឹងបង្កើតនៅពេលអនាគត) ក្នុងការចុះកម្មសិក្សាបង្រៀន និងធ្វើតេស្ត លើកម្មវិធីសិក្សាដែលបានអភិវឌ្ឍថ្មីៗ ដោយសាស្រ្តាចារ្យ និងអ្នកស្រាវជ្រាវ។ ការបញ្ចូលមតេ្តយ្យសិក្សា និងបឋមសិក្សា គឺជាដំណោះស្រាយដ៏ល្អមួយ សម្រាប់កូនចៅ របស់បុគ្គលិក សាស្រ្តាចារ្យ និងមន្ត្រីរាជការ នៅស្រុកកំចាយមារ ហើយក៏ជាកត្តាទាក់ទាញសម្រាប់មន្ត្រីវ័យក្មេង និងបុគ្គលិកជាជនបរទេស ដែលមានសមត្ថភាព ឱ្យមករស់នៅ និងបម្រើការឱ្យមជ្ឈមណ្ឌលផងដែរ ។

*ទី២៖ សាលាអប់រំបច្ចេកទេស និងបណ្តុះបណ្តាលវិជ្ជាជីវៈ៖ ដែលបច្ចុប្បន្ន កំពុងសាងសង់ ក្រោមការជួយឧត្ថម្ភរបស់សប្បុរសជន នឹងផ្តល់ឱកាស ក៏ដូចជាជម្រើសដល់សិស្សានុសិស្ស ពីសាលាចំណេះទូទៅ ក្នុងការស្វែងរកជំនាញបន្ថែម ដើម្បីបំពេញតម្រូវការទីផ្សាបច្ចុប្បន្ន (ដូចជា សិប្បកម្ម រោងចក្រ សហគ្រាស និងក្រុមហ៊ុនឧស្សាហកម្ម)។ សាលាក៏មានតួនាទីក្នុងការផ្តល់វគ្គសិក្សាខ្លីៗ ដែលចាំបាច់ដល់សហគមន៍ និងមូលដ្ឋាន ដើម្បីពង្រឹង សមត្ថភាពការងារ ឬអាជីវកម្ម ស្របតាមការវិវត្តបច្ចេកវិទ្យាថ្មីៗ។

*ទី៣៖ មហាវិទ្យាល័យ និងវិទ្យាស្ថាន៖ ផ្តល់ឱកាសដល់សិស្សចំណេះទូទៅទាំងនៅមូលដ្ឋាន និងពីខេត្តផ្សេងទៀត និងនិស្សិតបញ្ចប់ការសិក្សា ពីសាលាអប់រំ បច្ចេកទេស និងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្តការសិក្សា ដើម្បីក្លាយជាអ្នកជំនាញ ឬឯកទេស សម្រាប់បំពេញតម្រូវការរទីផ្សារការងារ និងចូលរួមក្នុងការអភិវឌ្ឍទាំងក្នុងរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល ក្រុមហ៊ុនឯកជន ក៏ដូចជាសហគមន៍ ។

*ទី៤៖ វិទ្យាស្ថានស្រាវជ្រាវ និងនវានុវត្តន៍ (Research & Innovation Institute)៖ ដែលនឹងត្រូវបង្កើតថ្មី ដើរតួនាទីយ៉ាងសំខាន់ ក្នុងការស្រាវជ្រាវ និងអភិវឌ្ឍន៍ ច្នៃប្រឌិត និងធ្វើកិច្ចសហប្រតិបត្តិការ ជាមួយសាកលវិទ្យាល័យដៃគូ ក៏ដូចជាដៃគូអភិវឌ្ឍដទៃទៀត នៅក្នុងប្រទេស និងក្រៅប្រទេស។ លទ្ធផល ឬរបកគំហើញផ្នែកសង្គម នឹងជួយរាជរដ្ឋាភិបាល កំណត់បានច្បាស់លាស់ អំពីបញ្ហាប្រឈមនានាដែលប្រជាពលរដ្ឋ និងមូលដ្ឋានកំពុងជួបប្រទះ ព្រមទាំងផ្តល់ជាអនុសាសន៍ដំណោះស្រាយសមស្រប។ ដោយឡែក ការស្រាវជ្រាវលើផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា នឹងបង្កើតបានជាផលិតផល​និងស្នាដៃថ្មីៗ ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេស។ លទ្ធផលស្រាវជ្រាវមួយចំនួន ជាពិសេស ពីកសិកម្មនិងឧស្សាហកម្ម ដូចជាការបង្កាត់ឬផលិតពូជរុក្ខជាតិ សត្វ ជីនិងថ្នាំកសិកម្ម ការកែច្នៃបន្ថែមតម្លៃ ការបង្កើតគ្រឿងយន្តបម្រើឱ្យវិស័យកសិកម្ម និងឧស្សាហកម្ម ប្រព័ន្ធឌីជីថល គ្រប់គ្រងកសិដ្ឋាន និងអាជីវកម្មជាដើម គឺជាចលករក្នុងការជំរុញឱ្យមាន ការបង្កើតអាជីវកម្មថ្មីៗ។

*ទី៥៖ វិទ្យាស្ថានអភិវឌ្ឍសហគ្រិនភាព និងបណ្តុះបណ្តាលធុរៈកិច្ច (Entrepreneurship Development and Incubation Institute)៖ ដែលនឹងត្រូវសាងសង់ថ្មី ដើរតួនាទីយ៉ាងសំខាន់ ក្នុងការបណ្តុះបណ្តាលសហគ្រិនភាព ដល់និស្សិតទាំងកំពុងសិក្សា និងក្រោយបញ្ចប់ការសិក្សា និងយុវជនពីខាងក្រៅ។ ក្រោមកិច្ចសហប្រតិបត្តិការ ជាមួយក្រុមហ៊ុនឧស្សាហកម្ម និងមជ្ឈមណ្ឌលបណ្តុះបណ្តាលធុរកិច្ច នៅក្រៅប្រទេស និស្សិតនឹងត្រូវបានផ្តល់ឱកាសឱ្យហាត់ការ​អំពីការធ្វើអាជីវកម្ម នៅក្នុងមជ្ឈមណ្ឌល ក្រោមការណែនាំពីសាស្រ្តាចារ្យ និងធុរកិច្ចជនដែលមានបទពិសោធន៍ មុននឹងចេញទៅប្រកបអាជីវកម្ម ដោយខ្លួនឯង។ មជ្ឈមណ្ឌលនេះ ក៏នឹងផ្តល់ឱកាសឱ្យសហគ្រិនវ័យក្មេង ទៅផ្លាស់ប្តូរបទពិសោធន៍ ជាមួយសាកលវិទ្យាល័យចំនួន៩ផ្សេងទៀត នៅបណ្តាប្រទេសអាស៊ាន និងអាហ្វ្រិក ក្រោមកិច្ចសម្របសម្រួលរបស់សាកលវិទ្យាល័យ Asian Pacific University នៅប្រទេសម៉ាឡេស៊ី៕