(ភ្នំពេញ)៖ ភ្ញៀវទេសចរដែលទៅដល់ក្រុងសៀមរាប ហើយត្រូវការសេវាកម្មស្នាក់នៅដែលមានផាសុកភាព បដិសណ្ឋារកិច្ចឈានមុខគួរជាទីសុខមនោរម្យនោះ អាចជ្រើសរើសសណ្ឋាគារដ៏ល្អប្រណីតមួយដែលទើបនឹងបើកសម្ពោធថ្មី នោះគឺសណ្ឋាគារវែលលីតា (VELLITA) ផ្ដល់ជូនការបញ្ចុះតម្លៃពិសេស៣០ភាគរយក្ដៅៗ។
គួរជម្រាបថា សណ្ឋាគារវែលលីតានេះមានទីតាំងស្ថិតនៅភូមិសាលាកំរើក សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ដែលជាទីតាំងពិសេសផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើរទៅកាន់គោលដៅទេសចរណ៍ផ្សេងៗក្នុងខេត្តសៀមរាប ក៏ដូចជាតំបន់រមណីយដ្ឋានអង្គរផងដែរ។
ការបើកសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវសណ្ឋាគារវែលលីតានេះ ត្រូវបានធ្វើឡើងនាថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២២ ក្រោមអធិបតីភាពលោក ទៀ សីហា អភិបាលខេត្តសៀមរាប និងលោកស្រី ព្រមទាំងវត្តមានភ្ញៀវកិត្តិយសជាច្រើននាក់ទៀត។
នាឱកាសនោះ លោក ទៀ សីហា បានបង្ហាញនូវការគាំទ្រចំពោះការចូលរួមផ្ដល់នូវសេវាកម្មស្នាក់នៅទេសចរណ៍នៅក្នុងខេត្តសៀមរាប ដែលជាគោលដៅទេសចរណ៍ដ៏ល្បីល្បាញមួយរបស់កម្ពុជា។ លោកអភិបាលខេត្តបានបន្តថា ការបើកសម្ពោធសណ្ឋាគារនេះដែរ គឺចំពេលដែលវិស័យទេសចរណ៍នៅប្រទេសកម្ពុជា ក៏ដូចជានៅខេត្តសៀមរាបកំពុងងើបឡើងវិញយ៉ាងល្អប្រសើរ។
នាយិកាចាត់ការទូទៅនៃសណ្ឋាគារវែលលីតា លោកស្រី នៅ ចាន់ពិសី បានលើកឡើងថា វត្តមានថ្មីរបស់សណ្ឋាគារវែលលីតានេះ នឹងផ្តល់បទពិសោធន៍ថ្មីមួយទៀតជូនដល់ភ្ញៀវទេសចរក្នុងដំណើរកម្សាន្តមកកាន់សៀមរាប-អង្គរ។ លោកស្រីបានបញ្ជាក់ថា ការយកចិត្តទុកដាក់លើបដិសណ្ឋារកិច្ចចំពោះភ្ញៀវទេសចរ គឺជាកាតព្វកិច្ចចាំបាច់របស់សណ្ឋាគារ។ លោកស្រីបន្តថា នេះជាមោទនភាពដ៏អស្ចារ្យមួយដែលសណ្ឋាគារវែលលីតាអាចចែករំលែកទៅកាន់ភ្ញៀវទេសចរ នាឱកាសចាប់ផ្តើមទំព័រថ្មីដ៏គួរឱ្យរំភើបមួយនេះ។
លោកស្រីបានបន្តទៀតថា ជាមួយនឹងការផ្តល់ជូនបទពិសោធន៍បដិសណ្ឋារកិច្ចថ្មីពីសណ្ឋាគារវែលលីតា ភ្ញៀវទេសចរជាតិនិងអន្តរជាតិនឹងទទួលបាននូវជម្រើសក្នុងការស្នាក់ដែលមានបន្ទប់ធំទូលាយ មានផាសុកភាព បំពាក់ទៅដោយសម្ភារៈបែបទំនើប ព្រមទាំងមានភោជនីយដ្ឋានដែលផ្តល់ជូននូវម្ហូបអាហារមកពីគ្រប់តំបន់ដ៏មានឱជារស។ លើសពីនេះ សណ្ឋាគារវែលលីតាក៏មានកន្លែងហាត់ប្រាណ កន្លែងស្ប៉ាដ៏ទំនើប អាងហែលទឹកធំទូលាយ ដែលរចនាឡើងតាមបែបទំនើបមានភាពទាក់ទាញបំផុត។
លោកស្រីបានបង្ហាញទស្សនវិស័យថា ការបើកដំណើរការសណ្ឋាគារថ្មីនាពេលនេះ គឺស្របពេលដែលជំងឺកូវីដ១៩មានការធូរស្បើយ ជាពិសេសរាជរដ្ឋាភិបាលបានខំប្រឹងទប់ស្កាត់ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដប្រកបដោយភាពជោគជ័យ។ ម្យ៉ាងវិញទៀត ទោះបីជាពិភពលោកមានវិបត្តិសង្រ្គាមខ្លះយ៉ាងណាក្តី ប៉ុន្តែប្រទេសកម្ពុជានៅតែមានសុខសន្តិភាព ដែលបានផ្តល់នូវទំនុកចិត្តដល់ភ្ញៀវទេសចរជាតិនិងអន្តរជាតិក្នុងការមកទស្សនាកម្សាន្តប្រកបដោយសុវត្ថិភាព។
ជាមួយនឹងការសម្រេចរួចរាល់នូវហេដ្ឋារចនាសម្ពន្ធផ្លូវ៣៨ខ្សែដែលទើបផ្តល់ជូនដោយរាជរដ្ឋាភិបាល និងអាកាសយានដ្ឋានអន្តរជាតិសៀមរាបថ្មីដែលនឹងបញ្ជប់ការសាងសង់នាពេលឆាប់ៗខាងមុខផងនោះ លោកស្រីនាយិកាមានសុទិដ្ឋិនិយមថាវិស័យទេសចរណ៍នឹងកាន់តែកើនឡើង។
លោកស្រីនាយិកាបានឱ្យដឹងទៀតថា ការដែលម្ចាស់សណ្ឋាគារសម្រេចបណ្តាក់ទុនវិនិយោគលើវិស័យសណ្ឋាគារនេះ គឺដោយសារការសម្លឹងឃើញឱកាស និងជឿជាក់លើចំណុចសំខាន់ៗជាច្រើនទៀត រួមមាន ទី១.ប្រទេសជាតិមានសន្តិភាព ទី២.ខេត្តសៀមរាបមានព្រលានយន្តហោះថ្មីដែលបើកចំហការហោះហើរត្រង់ឆ្ពោះមកខេត្តសៀមរាប ទី៣.រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ខ្ពស់ក្នុងការរៀបចំហេដ្ឋារចនាសម្ពន្ធទេសចរណ៍ និងហេដ្ឋារចនាសម្ពន្ធក្នុងខេត្ត ទី៤.ខេត្តសៀមរាបសម្បូរប្រាសាទបុរាណ និងកន្លែងទេសចរណ៍ធម្មជាតិជាច្រើនទៀត ជាពិសេសតំបន់រមណីយដ្ឋានអង្គរដែលជាតំបន់បេតិកភណ្ឌពិភពលោក។
លោកស្រីក៏បានបន្ថែមទៀតថា «នាឱកាសបើកសម្ពោធដាក់ឱ្យដំណើរការនេះដែរ គឺខាងសណ្ឋាគារវែលលីតា (VELLITA) ក៏មានការបញ្ចុះតម្លៃដល់ទៅ៣០ភាគរយជូនភ្ញៀវដែលអញ្ជើញមកស្នាក់នៅសណ្ឋាគារលំដាប់ប្រណីតថ្មីនេះផងដែរ»៕