(ញ៉ូវខាសល)៖ ខ្សែប្រយុទ្ធក្លិប Newcastle United កីឡាករ Alexander Isak នឹងមិនអាចចូលប្រកួតវិញបាននោះទេរហូតដល់ចប់ព្រឹត្តិការណ៍ World Cup បន្ទាប់ពីរងរបួស។ នេះបើតាមសម្តីអ្នកចាត់ការ Eddie Howe ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២។
ខ្សែប្រយុទ្ធសញ្ជាតិស៊ុយអែត ដែលបានចុះកិច្ចសន្យាមួយមានតម្លៃរហូតដល់ ៦០លានផោន (៦៧.៨២លានដុល្លារ) ផ្ទេរមកពីក្លិប Real Sociedad កាលពីខែសីហារូបនេះ បានបង្ហាញខ្លួនត្រឹមតែ ៣ប្រកួតប៉ុណ្ណោះ ដោយសារតែរបួសភ្លៅ។
«យើងមិនគិតថា យើងនឹងបានឃើញរូបគាត់ម្តងទៀតនោះទេ មុនពេលព្រឹត្តិការណ៍ World Cup។ គាត់មានបញ្ហាភ្លៅរបស់គាត់» នេះបើយោងតាមសម្តីលោក Howe បានប្រាប់អ្នកសារព័ត៌មាន មុនប៉ះ Everton ក្នុងលីគ Premier League នៅថ្ងៃពុធ។
កីឡាករវ័យ ២៣ឆ្នាំរូបនេះ បានបង្កើតឥទ្ធិពលភ្លាមៗសម្រាប់ក្លិប Newcastle ដោយបានស៊ុតបញ្ចូលទីក្នុងការបង្ហាញខ្លួនលើកដំបូង នៅពេលប៉ះក្រុម Liverpool ប៉ុន្តែបានរងរបួស នៅអំឡុងពេលបំពេញតួនាទីជាមួយជម្រើសជាតិ។
Newcastle បានចាញ់ត្រឹមតែ ១ប្រកួតប៉ុណ្ណោះនៅក្នុង ១០ប្រកួតបើកឆាក Premier League របស់ពួកគេ ដោយក្នុងនោះស្មើ ៦ប្រកួត ហើយកំពុងស្ថិតនៅចំណាត់ថ្នាក់ទី៦ ក្នុងតារាងទៀតផង៕