(ដូហា)៖ ក្រុមហ៊ុនអាកាសចរណ៍ Qatar Airways នឹងដកចេញនូវជើងហោះហើរមកពី ១៨គោលដៅ ដើម្បីទុកកន្លែងនៅឯអាកាសយានដ្ឋាន Hamad International Airport សម្រាប់ក្រុមហ៊ុនអាកាសចរណ៍ ដឹកអ្នកគាំទ្រមកចូលរួមក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup នៅខែក្រោយ។ នេះបើតាមការបញ្ជាក់ពី CEO របស់ក្រុមហ៊ុន ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២។
នាយកប្រតិបត្តិ Akbar Al Baker របស់ក្រុមហ៊ុន Qatar Airways បានលើកឡើងថា អាទិភាពនាពេលនេះ គឺសម្រាប់ជើងហោះហើររាប់រយដែលនឹងចុះចត នៅក្នុងប្រទេសសម្រាប់ព្រឹត្តិការណ៍បាល់ទាត់។
កាតា ដែលត្រូវបានគេរំពឹងថា នឹងមានជើងហោះហើរចូល និងចេញប្រមាណ ៥០០ជើងក្នុង ១ថ្ងៃ ព្រមទាំងមានជើងហោះហើរពិសេស និងយន្តហោះឯកជននោះ នឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រកួតបាល់ទាត់លំដាប់ពិភពលោកនេះចាប់ពីថ្ងៃទី២០ ខែវិច្ឆិកា ដល់ថ្ងៃទី១៨ ខែធ្នូ ជាមួយនឹងអ្នកទស្សនាប្រមាណ ១.២លាននាក់។
ក្រុមបាល់ទាត់សរុបមកពី ៣២ប្រទេស នឹងចូលរួមការប្រកួតនៅទូទាំង ៨កីឡដ្ឋានដែលមានចម្ងាយប្រមាណ ៤០គីឡូម៉ែត្រជុំវិញទីក្រុង Doha៕