(បរទេស)៖ កាលពីពេលថ្មីៗនេះអ្នកនាំពាក្យក្រុមហ៊ុន Microsoft បានឱ្យដឹងថា ក្រុមហ៊ុនកំពុងបញ្ឈប់បុគ្គលិកខ្ទង់ ១ភាគរយបន្ថែមទៀតនៃបុគ្គលិកសរុប ដោយសារតែប្រាក់ចំណូលដែលរកបានមកពីការបង្កើត Software និងដាក់លក់អាជ្ញាប័ណ្ណ Window សម្រាប់កុំព្យូទ័រកំពុងតែប្រឈមមុខនឹងការធ្លាក់ចុះជាខ្លាំង។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២។

គិតមកទល់ពេលនេះបុគ្គលិកសរុបរបស់ក្រុមហ៊ុន Microsoft នៅទូទាំងពិភពលោកមានប្រមាណ ២២១,០០០នាក់ ខណៈការប្រកាសបង្ហាញកាត់បន្ថយប្រមាណ ១ភាគរយនាពេលថ្មីៗនេះ ត្រូវបានគេរំពឹងថា នឹងមានផលប៉ះពាល់ដល់បុគ្គលិកជាង ២០០០នាក់ឯណោះដែលប្រឈមមុខនឹងការបញ្ឈប់ការងារ។

យ៉ាងណាមិញទាក់ទិននឹងបញ្ហានេះប្រភពពីអ្នកនាំពាក្យដដែលបានថ្លែងប្រាប់ CNBC ថា «Microsoft មិនខុសពីក្រុមហ៊ុនផ្សេងៗទៀតនោះទេ យើងបានធ្វើការវាយតម្លៃអាទិភាពអាជីវកម្មរបស់យើងជាប្រចាំ ហើយយើងធ្វើការកែតម្រូវរចនាសម្ព័ន្ធទៅតាមនោះ»«យើងនឹងបន្តវិនិយោគលើអាជីវកម្មរបស់យើង រួមជាមួយនឹងការផ្តល់អាទិភាពជួលបុគ្គលិកច្រើននៅក្នុងតំបន់រីកចម្រើនសំខាន់ៗនាពេលខាងមុខ»។ ខណៈការផ្លាស់ប្តូរទាំងនេះត្រូវបានគេលើកឡើងថា Microsoft ធ្វើឡើងក្នុងគោលបំណងកាត់បន្ថយចំណាយ សូម្បីតែក្រុមហ៊ុន Meta Platforms និង Salesforce ក៏ស្ថិតក្នុងការកាត់បន្ថយបុគ្គលិកនាពេលថ្មីៗនេះដែរ។

តែយ៉ាងណាចំពោះការបញ្ឈប់បុគ្គលិកខាងលើនេះប្រភពមិនបានបញ្ជាក់លម្អិតនោះទេថា តំបន់ណានឹងរងផលប៉ះពាល់ពី Microsoft ខ្លាំងនោះ៕