(ភ្នំពេញ)៖ ក្រុមកីឡាវាយកូនបាល់ជម្រើសជាតិកម្ពុជា បានបន្ដយកឈ្នះក្រុមជម្រើសជាតិម៉ុងហ្គោលី ដោយលទ្ធផល ៣-០ ក្នុងព្រឹត្តិការណ៍ Davis Cup ក្រុម៤ ប្រចាំតំបន់អាស៊ី/អូសេអានី ឆ្នាំ២០២២ នៅប្រទេសបារ៉ែន កាលពីល្ងាចថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២។

នេះគឺជាប្រកួតទី២ ក្នុងពូល A របស់ក្រុមកម្ពុជា ដែលធ្វើបានយ៉ាងល្អ បន្ទាប់ពីប្រកួតបើកឆាកពូកគេ ក៏បានយកឈ្នះក្រុមជម្រើសជាតិប៊ូតាន ក្នុងលទ្ធផល ៣-០ ផងដែរ កាលពីចុងសប្ដាហ៍កន្លងទៅ ។

សម្រាប់លទ្ធផលការប្រកួតខាងលើ វិញ្ញាសាប្រកួតឯកត្តជន ឡុង សំនៀង បានយកឈ្នះកីឡាករម៉ុងហ្គោលី Undrakh Purevdorj ដោយលទ្ធផល ៦-៣ និង ៦-៣ គ្រាដែលមិត្តរួមជាតិកីឡាករ ប៊ុន កេន្នី បានយកឈ្នះកីឡាករ Gundurd Batjargal ដោយលទ្ធផល ៦-០ និង ៦-០ ។

ចំណែកវិញ្ញាសាវាយគូវិញ កម្ពុជាបានប្រើប្រាស់សុទ្ធសឹងជាកីឡាករវ័យក្មេង រួមមានកីឡាករ ឃ្លាំង ពន្លក ចាប់ដៃគូជាមួយកីឡាករកូនកាត់ខ្មែរ-អាមេរិក Mathew Krusling ហើយពួកគេក៏ធ្វើបានល្អផងដែរ ដោយបានយកឈ្នះក្រុមម៉ុងហ្គោលី គឺកីឡាករ Batbayar និង Batjargbatjargal ដោយលទ្ធផល ៧-៥ និង ៦-៤ ។

ជ័យជម្នះ ២ប្រកួតផ្ទួនៗ ដោយដៃគូប្រកួតគ្មានឱកាសតបតនេះ បានធ្វើឲ្យក្រុមកីឡាវាកូនបាល់ជម្រើសជាតិកម្ពុជា រក្សាកៅអីកំពូលតារាងពូល A ជាបណ្ដោះអាសន្ន មុនឈានដល់ការប្រកួតបញ្ចប់ពូល A នាថ្ងៃទី២០ ខែតុលាខាងមុខ ដែលត្រូវជួបជាមួយក្រុមជម្រើសជាតិទួកមេនីស្ថាន ។

គួរដឹងថា ព្រឹត្តិការណ៍ Davis Cup ក្រុម៤ ប្រចាំតំបន់អាស៊ី/អូសេអានី ដែលកម្ពុជាចូលរួមនេះ គឺមានបេក្ខភាពចូលរួមសរុប ៩ប្រទេស និងចែកចេញជា ២ពូល ដោយពូល A មាន ៤ក្រុមគឺកម្ពុជា ទួកមេនីស្ថាន ម៉ុងហ្គោលី និងប៊ូតាន ខណៈពូល B មាន ៥ក្រុម គឺម្ចាស់ផ្ទះបារ៉ែន កោះហ្គាំ ឡាវ គុយវ៉ែត និងសិង្ហបុរី ។ បេសកកម្មនេះ ក្រុមកម្ពុជា ដឹកនាំដោយលោក ទេព រិទ្ធីវិទ្ធ អគ្គលេខាធិការសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា ៕