(កូរ៉េ)៖ បើតាមរដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូងបានឲ្យដឹងថា សមាជិកក្រុម BTS ដែលនឹងចាប់ផ្តើមចូលបំពេញកាតព្វកិច្ចយោធាក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ នឹងនៅតែអាចបន្តការសម្តែងបាន ប៉ុន្តែសម្រាប់កម្មវិធីថ្នាក់ជាតិ និងដើម្បីផលប្រយោជន៍ជាតិប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Strats Times នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២។
អ្នកនាំពាក្យស្តីទីរបស់ក្រសួងការពារជាតិកូរ៉េ លោក Colonel Moon Hong-sik បានថ្លែងប្រាប់អ្នកកាសែតនៅថ្ងៃអង្គារ៍សប្តាហ៍នេះថា «គោលជំហររបស់យើង គឺយើងនឹងផ្តល់ឱកាស ប្រិសនបើពួកគេចង់ចូលរួមសម្តែងនៅពេលមានព្រឹត្តិការណ៍ថ្នាក់ជាតិ ដើម្បីជាប្រយោជន៍សាធារណៈ ឬព្រឹត្តិការណ៍ដែលរៀបចំឡើងដោយគិតពីផលប្រយោជន៍ជាតិ»។
ការលើកឡើងបែបនេះ បន្ទាប់ពីផលិតកម្ម HYBE ដែលជាជម្រករបស់ក្រុម BTS បានប្រកាសនៅថ្ងៃច័ន្ទដើមសប្តាហ៍នេះ ថាសមាជិក BTS ទាំងអស់នឹងចូលបំពេញកាតព្វកិច្ចយោធាទៅតាមកាលកំណត់រៀងៗខ្លួន ដោយចាប់ផ្តើមពីសមាជិកច្បង លោក Jin ដែលមានអាយុ២៩ឆ្នាំ៕