(ព្រះសីហនុ)៖ លោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា តំណាងលោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងាររៀបចំការប្រកួតកីឡាម៉ូតូទឹក និងទូកក្តោង នៅខេត្តព្រះសីហនុ ក្នុងព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ ឆ្នាំ២០២២។
ក្នុងកិច្ចប្រជុំពិភាក្សានោះដែរ ក៏មានការអញ្ជើញចូលរួមពីលោក ណុះ ស្លេះ រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា, អភិបាលរងខេត្តព្រះសីហនុ, អនុរដ្ឋលេខាធិការ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡា និងថ្នាក់ដឹកនាំអង្គភាពចំណុះអគ្គនាយកដ្ឋានកីឡា នៃក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងសមាជិក សមាជិកាជាច្រើនរូប។
សូមបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាជាតិ លើកទី៣ ឆ្នាំ២០២២ ចាប់ផ្តើមពីថ្ងៃទី១៩ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលមាន ៣៨ប្រភេទកីឡា ៣៥៦វិញ្ញាសា និងប្រតិភូចូលរួមពីរាជធានី ខេត្តទាំង២៥ ក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សរុបចំនួន ៥ ០៤៩នាក់ (ក្នុងនោះប្រតិភូ គ្រូបង្វឹក ៨១៨នាក់ និងកីឡាករ កីឡាការិនី ៤ ២៣១នាក់)៕