(ភ្នំពេញ)៖ ធនាគារកសិកនថៃ បានទទួលអាជ្ញាប័ណ្ណក្នុងការផ្តល់សេវាលិខិតធានាដែលអាចដាក់ជូនភ្នាក់ងាររដ្ឋាភិបាល និងជាធនាគារថៃដំបូង និងតែមួយគត់នៅប្រទេសកម្ពុជា និងបានត្រៀមវាយលុកទីផ្សារ AEC+3 និងកំណត់គោលដៅធនាគារថ្មីនៅក្នុងតំបន់ AEC+3។
ដោយសារសេដ្ឋកិច្ចក្នុងតំបន់អាស៊ានក្នុងសម័យក្រោយកូវីដ-១៩ មាននិន្នាការនៃការងើបឡើងវិញជាវិជ្ជមាន ដែលមានភាពលេចធ្លោនៅក្នុងទីផ្សារអ្នកប្រើប្រាស់ខ្នាតធំ រួមទាំងអតិថិជនបុគ្គល អតិថិជនរដ្ឋាភិបាល និងអតិថិជនអាជីវកម្ម។ ដូច្នេះហើយធនាគារកសិកនថៃ ក៏បានបន្តពង្រីកសេវាកម្មរបស់ខ្លួនក្នុងតំបន់ ដើម្បីភ្ជាប់ឱកាសសម្រាប់អាជីវកម្មថៃ និងផ្តល់សេវាកម្មដល់អតិថិជនលក់រាយ និងសហគ្រិននៅក្នុងប្រទេសក្នុងតំបន់ ដើម្បីផ្តល់ភាពងាយស្រួលដល់ផ្នែកសេវាហិរញ្ញវត្ថុ និងឥណទាន និងគ្របដណ្តប់តម្រូវការក្នុងគ្រប់វិស័យ។
លោក Pattarapong Kanhasuwan នាយករងគ្រប់គ្រង ធនាគារកសិកនថៃ បានឳ្យដឹងថា ធនាគារកសិកនថៃ បានបើកដំណើរការ និងត្រៀមផ្តល់លិខិតធានាដែលអាចដាក់ជូនភ្នាក់ងាររដ្ឋាភិបាលកម្ពុជាជាប្រាក់រៀល និងដុល្លារអាមេរិក សម្រាប់អតិថិជន សហគ្រិនដែលមានបំណងដេញថ្លៃការងារ ឬធ្វើគម្រោងជាមួយភ្នាក់ងាររដ្ឋាភិបាល។ សេវាកម្មនេះបានបើកដំណើរការហើយតាមរយៈធនាគារកសិកន សាខាភ្នំពេញ ប្រទេសកម្ពុជា ដែលគាំទ្រដល់ការប្រើប្រាស់របស់ប្រតិបត្តិករអាជីវកម្មថៃដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា។
សម្រាប់ប្រតិបត្តិករអាជីវកម្មក្នុងស្រុក អាចចាត់ទុកថាជាធនាគារថៃដំបូងគេ និងតែមួយគត់នៅប្រទេសកម្ពុជា ដែលទទួលបានអាជ្ញាប័ណ្ណក្នុងការផ្តល់សេវាកម្មនេះ ក៏ដូចជាការផ្តល់សេវាកម្មឥណទានយ៉ាងពេញលេញ។ លើសពីនេះធនាគារកសិកន មានគម្រោងផ្តល់នូវសេវាកម្មកាន់តែទូលំទូលាយដល់អតិថិជនក្រៅប្រទេសក្នុងតំបន់ ដោយបានបើកសាខាបន្ថែមនៅទីក្រុងហូជីមិញប្រទេសវៀតណាម ជាផ្លូវការកាលពីខែវិច្ឆិកាឆ្នាំមុននេះ ដើម្បីផ្សាភ្ជាប់អាជីវកម្ម និងសេវាកម្មសម្រាប់បំពេញតម្រូវការរបស់អតិថិជនធុរកិច្ចថៃ និងអតិថិជនលក់រាយ និងសហគ្រិននៅប្រទេសវៀតណាម ហើយក៏នឹងមានគម្រោងតភ្ជាប់ការផ្តល់សេវាកម្មក្នុងតំបន់នាពេលអនាគតផងដែរ៕