(បរទេស)៖ ថ្មីៗនេះក្រុមហ៊ុនកូរ៉េខាងត្បូង Samsung ធ្លាប់បានឱ្យដឹងថាខ្លួនកំពុងធ្វើការលើដំណើរការផលិតបន្ទះឈីបថ្មីមួយដែលមានល្បឿនលឿនជាងមុនទ្វេដងរហូតដល់ទៅ 8.5Gbps (Gigabit per second) ឯណោះ។ ដោយឡែកថ្ងៃនេះ Samsung បានប្រកាសបង្ហាញជាផ្លូវការហើយ ខណៈដែល Chip memory ម៉ូដែល LPDDR5X DRAM ត្រូវបានបញ្ចប់ដោយជោគជ័យ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២។
បន្ទះឈីបដែល Samsung ទើបតែសម្រេចភាពជោគជ័យថ្មីពីឧស្សាហកម្ម DRAM នេះបានឈានដល់កម្រិតល្បឿនមួយដែលលឿនបំផុតមិនធា្លប់មានរហូតដល់ទៅ 8.5 Gbps ឯណោះ បើធៀបនឹងឈីបជំនាន់មុនដែលមានកម្រិតល្បឿនអតិបរមាត្រឹមតែ 6.4 Gbps ប៉ុណ្ណោះ។
ប្រភពពីរបាយការណ៍ Samsung បានឱ្យដឹងថា សម្រាប់បន្ទះឈីបជំនាន់ថ្មី LPDDR5X គឺវាប្រើប្រាស់ថាមពលទាបបំផុត លើសពីនេះទៅទៀតបន្ទះឈីបកម្រិតខ្ពស់នេះមិនត្រឹមតែប្រើបានតែក្នុងស្មាតហ្វូនប៉ុណ្ណោះទេ សមត្ថភាពរបស់វាអាចប្រើបានដូចជា កុំព្យូទ័រ (PCs), Servers និងអាចប្រើនៅក្នុងរថយន្តបានថែមទៀតផង៕