(ភ្នំពេញ)៖ សមាគមសាលាត្រាជូ បានដាក់សម្ពោធព្រឹត្ដិច្បាប់សាលាត្រាជូ លេខទី៣របស់ខ្លួន នៅសាកលវិទ្យាល័យជាតិគ្រប់គ្រង ដោយមានការអញ្ជើញចូលរួមពីសំណាក់គណៈអធិបតី ភ្ញៀវកិត្ដិយស សមាជិក សមាជិកាសមាគម អ្នកប្រកបវិជ្ជាជីវៈ អ្នកស្រាវជ្រាវ សិស្សនិស្សិត និងសាធារណជនទូទៅជាច្រើនផងដែរ។
ក្រោយពីបានដាក់សម្ពោធនូវព្រឹត្ដិបត្រច្បាប់សាលាត្រាជូ លេខទី៣ រួចមក, លោកសាស្រ្ដាចារ្យបណ្ឌិត ព្រុំ រិទ្ធី សមាជិកក្រុមប្រឹក្សាវិទ្យាសាស្រ្តសាលាត្រាជូ និងជាអនុប្រធានដេប៉ាតឹម៉ង់ទំនាក់ទំនងអន្តរជាតិ នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច (ស.ភ.ន.វ.ស.) ក្នុងចំណោមអ្នកនិពន្ធដែលមាននៅក្នុងស្នាដៃសៀវភៅ ព្រឹត្ដិបត្រច្បាប់សាលាត្រាជូ លេខទី៣នេះ ដែលមានខ្លឹមសារដូចខាងក្រោម៖
*ទី១៖ តើអ្វីទៅជាភតិសន្យាពិសេស?
មាត្រា៤ ច្បាប់ស្តីពីភតិសន្យាពិសេស ឆ្នាំ២០១៥ ភតិសន្យាពិសេស គឺជាកិច្ចសន្យាជួលដែលភាគីម្ខាង ហៅថាភតិបតី ឬអ្នកឲ្យជួល ឲ្យភាគីម្ចាងទៀត ប្រើប្រាស់ក្នុងការស្នាក់នៅបន្ទប់ ដោយភាគីម្ខាងទៀត ហៅថាភតិកៈ ឬអ្នកជួល ដែលពួកគាត់ជាកម្មករ សិស្ស និស្សិតត្រូវបង់ថ្លៃឈ្នួល។
*ទី២៖ ហេតុអ្វីចាំបាច់បង្កើតឲ្យមាននៅភតិសន្យាពិសេស? ហើយតើភតិសន្យាពិសេសមានប្រយោជន៍ទៅដល់អ្នកណាខ្លះ?
ការបង្កើតឲ្យមានភតិសន្យាពិសេស បន្ថែមពីលើភតិសន្យាទូទៅដែលមានចែងនៅក្នុងក្រមរដ្ឋប្បវេណី គឺដើម្បីធានាការពារសិទ្ធិ និងផលប្រយោជន៍របស់ភាគីទាំងសងខាង នៃកិច្ចសន្យាជួល ក្នុងការរស់នៅប្រកបដោយ សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ។ បើពិនិត្យក្នុងបទបញ្ញត្តិច្បាប់ស្តីពីភតិសន្យាពិសេសនេះ គេឃើញថា ភាគីទាំងសងខាង ទាំងភតិបតី និងភតិកៈ ទទួលបានអត្ថប្រយោជន៍បន្ថែមពីបទបញ្ញត្តិរួមដែល មានចែងក្នុងក្រមរដ្ឋប្បវេណី ដូចជាអំឡុងពេលអត្ថិភាព នៃការជួលដែលមានមិនតិចជាង២ឆ្នាំ រួមទាំង មូលហេតុផ្សេងៗ នៃការរំលាយកិច្ចសន្យា។
អ្វីដែលពិសេសសម្រាប់កម្មករ សិស្ស និស្សិត គឺទទួលបានការការពារពិសេសពីច្បាប់មួយនេះ ដោយសារតែអំឡុងពេលជួល ភតិបតីមិនអាចតម្លើងថ្លៃឈ្នួលបានឡើយ (មាត្រា៨ច្បាប់ស្តីពីភតិសន្យាពិសេស)។
*ទី៣៖ តើភតិសន្យាពិសេស អាចបង្កើតឡើងបានដោយអ្នកណា? ហើយត្រូវការមានលក្ខខណ្ឌអ្វីខ្លះ?
អ្នកដែលអាចបង្កើតភតិសន្យាពិសេសនេះបាន លុះត្រាតែភតិបតីជាអ្នកប្រកបរបរជួលជាលក្ខណៈអាជីព និងភតិកៈ ត្រូវតែជា កម្មករ សិស្ស និស្សិត។ ចំណែកវត្ថុជួល ត្រូវតែជាអចលនវត្ថុ ដែលមានទ្រង់ទ្រាយជា បន្ទប់ជួលស្នាក់នៅ។ ភតិសន្យានេះតម្រូវឲ្យធ្វើជាលាយលក្ខណ៍អក្សរ និងមានសេចក្តីបញ្ជាក់របស់មេឃុំ ឬចៅសង្កាត់។
សូមបញ្ជាក់ថា សមាគមសាលាត្រាជូ បានសម្រេចបង្កើត និងដាក់ដំណើរការ នៃគម្រោងថ្មីស្ដីពី «ព្រឹត្ដិបត្រច្បាប់សាលាត្រាជូ» ជាលើកដំបូងនៅឆ្នាំ២០២១ ក្នុងទិសដៅបំផុសការបោះពុម្ពផ្សាយស្នាដៃស្រាវជ្រាវច្បាប់ និងវិស័យពាក់ព័ន្ធនានាជាទៀងទាត់ ប្រចាំឆមាសនីមួយៗ ឲ្យមានភាពសំបូរបែបដែលអាចគ្របដណ្ដប់លើវិស័យរដ្ឋ និងវិស័យឯកជន ទាំងច្បាប់ជាតិ និងអន្ដរជាតិ ក៏ដូចជាមែងធាងនានានៃច្បាប់សាធារណៈ និងច្បាប់ឯកជនផងដែរ៕