(ភ្នំពេញ)៖ វគ្គបណ្តុះបណ្តាលគ្រូបង្រៀនកម្រិតពុទ្ធិកបឋមសិក្សា សម្រាប់ឆ្នាំសិក្សា ២០២២-២០២៣ ដែលត្រូវបានរៀបចំឡើងដោយអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ នៃក្រសួងធម្មការ និងសាសនា រយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២នេះ ត្រូវបានបិទបញ្ចប់ទៅដោយជោគជ័យយ៉ាងក្រៃលែង។
ពិធីបិទវគ្គបណ្តុះបណ្តាល ត្រូវបានប្រព្រឹត្តទៅ ក្រោមការនិមន្តជាព្រះអធិបតីដោយសម្តេចព្រះពោធិវង្ស អំ លីមហេង ព្រះអគ្គាធិការរងពុទ្ធិកសិក្សា ព្រះរាជតំណាងសម្តេចព្រះមហាសុមេធាធិបតីកិត្តិឧទ្ទេសបណ្ឌិត នន្ទ ង៉ែត សម្តេចព្រះអគ្គាធិការ នៃអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ និងមានការចូលរួមពីលោក សេង សុមុនី រដ្ឋលេខាធិការ តំណាងលោក ឈិត សុខុម រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា។
សិក្ខាកាមដែលត្រូវចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ មាន ៩០រូប (បព្វជិតចំនួន ៣៩អង្គ ប្រុសចំនួន ៤៧នាក់ និងស្រី ៤នាក់) ដែលនិមន្តនិងអញ្ជើញ មកពីបណ្តាលរាជធានីខេត្ត ទាំង២៥ និងគ្រប់ផ្នែកចំណុះឲ្យអគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ។
សម្តេចព្រះពោធិវង្ស អំ លីមហេង បានមានសង្ឃដីកាវាយតម្លៃខ្ពស់ ចំពោះគណៈចាត់តាំងនៃវគ្គបណ្តុះបណ្តាល ដែលបានប្រឹងប្រែងធ្វើឲ្យកម្មវិធីអប់រំដ៏មានសារៈសំខាន់នេះ ប្រព្រឹត្តទៅដោយជោគជ័យ។ ជាមួយគ្នានេះ សម្តេចព្រះពោធិវង្ស ក៏បានផ្តាំផ្ញើសិក្ខាកាមទាំងអស់ យកចំណេះដឹងដែលទទួលបានពីវគ្គបណ្តុះបណ្តាលនេះ ទៅប្រើប្រាស់ឲ្យបានល្អប្រសើរ ដើម្បីរួមចំណែកលើកស្ទួយវិស័យអប់រំកម្ពុជា។
សូមជម្រាបថា អគ្គាធិការដ្ឋានពុទ្ធិកសិក្សាជាតិ គឺជាអង្គភាពគ្រប់គ្រងដំណើរការ នៃការសិក្សាផ្នែកពុទ្ធិកសិក្សាទូទាំងប្រទេស។ អង្គភាពនេះ បានឧប្បត្តិកឡើងតាំងពីយូរណាស់មកហើយ និងបន្តរហូតដល់សព្វថ្ងៃ៕