(បរទេស)៖ ក្រុមហ៊ុនផ្គត់ផ្គង់ការផលិតដ៏ធំរបស់ Apple គឺ Foxconn កំពុងប្រកាសពីមហិច្ចតាដ៏ធំរបស់ខ្លួនក្នុងការឈានជើងចូលទីផ្សាររថយន្តអគ្គិសនី ខណៈក្រុមហ៊ុននេះអះអាងថា ខ្លួនមានបំណងចង់ក្លាយជាអ្នកផ្គត់ផ្គង់រថយន្តសម្រាប់ Tesla នៅរដូវកាលខាងមុខ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNBC នៅថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២២។
ក្រុមហ៊ុនចិន Hon Hai Technology Group ដែលជាមេធំរបស់ Foxconn បានដាក់បង្ហាញរថយន្តអគ្គិសនី ២ម៉ូដែលជាលើកដំបូងរបស់ខ្លួនកាលពីពេលថ្មីៗនេះដោយក្នុងនោះរួមមាន រថយន្តភីកអាប់ Model V និង Model B sport crossover hatchback ។ តែយ៉ាងណាទន្ទឹមនឹងការដាក់បង្ហាញនេះ Foxconn បានគូសបញ្ជាក់ឱ្យដឹងថា ខ្លួនមានបំណងបង្កើតរថយន្ត តែមិនមានបំណងចង់បង្កើត Brand រថយន្តផ្ទាល់ខ្លួននោះទេ។ ផ្ទុយទៅវិញ Foxconn ចង់ឌីហ្សាញ និងផលិតរថយន្តសម្រាប់ក្រុមហ៊ុនផលិតរថយន្តផ្សេងទៀតប៉ុណ្ណោះ។
លើសពីនេះទៅទៀត Foxconn បានបន្ថែមទៀតថា ការធ្វើបែបនេះនឹងអាចកាត់បន្ថយពេលវេលាទៅលើការឌីហ្សាញរថយន្តស្ទើតែពាក់កណ្តាល និងកាត់បន្ថយការចំណាយលើការអភិវឌ្ឍន៍មួយភាគបីសម្រាប់ក្រុមហ៊ុនផលិតរថនយន្តនានាដែលចង់ប្រើប្រាស់សេវាកម្មរបស់ខ្លួន។
យ៉ាងណាមិញបើយោងតាមនាយកប្រតិបត្តិ និងជាប្រធានក្រុមហ៊ុន Foxconn លោក Young Liu បានលើកឡើងក្នុងអំឡុងពេលបង្ហាញរថយន្តបានឱ្យដឹងថា ក្រុមហ៊ុន Foxconn របស់លោកនឹងកំណត់យកចំណែកទីផ្សារប្រហែល ៥ភាគរយនៅទូទាំងពិភពលោកសម្រាប់ការផលិតរថយន្តអគ្គិសនីគិតត្រឹមឆ្នាំ២០២៥។ បន្ថែមពីនេះទៅទៀតលោកសង្ឃឹមថា Tesla នឹងក្លាយជាអតិថិជនដ៏ធំរបស់ Foxconn៕