(មូស្គូ)៖ កាលពីខែមីនាកន្លងទៅក្រុមហ៊ុន Meta Platform ដែលជាមេធំរបស់ WhatsApp ត្រូវបានគេរកឃើញថាមានពិរុទ្ធពីបទ «សកម្មភាពជ្រុលនិយម» នៅក្នុងប្រទេសរុស្ស៊ី ហើយថ្មីៗនេះ សមាជិកសភារុស្ស៊ីបានអំពាវនាវឱ្យស្ថាប័នរដ្ឋមួយចំនួនរបស់ខ្លួនបញ្ឈប់ការប្រើប្រាស់កម្មវិធីផ្ញើសារ WhatsApp។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២។

ចំពោះការអំពាវនាវរបស់សមាជិកសភារុស្ស៊ីនាពេលថ្មីៗនេះ ត្រូវបានប្រភពឱ្យដឹងថា ក្រសួងឧស្សាហកម្មរុស្ស៊ីមានបំណងផ្សព្វផ្សាយកម្មវិធីថ្មីមួយរបស់ខ្លួនដែលត្រូវបានបង្កើតឡើងនៅក្នុងស្រុក ខណៈប្រទេសនេះកំពុងតែព្យាយាមផ្តាច់ខ្លួនចេញពីបច្ចេកវិទ្យារបស់លោកខាងលិច។

យ៉ាងណាមិញកាលពីខែមីនាកន្លងទៅក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Meta ត្រូវបានរកឃើញថាមានពិរុទ្ធពីបទ «សកម្មភាពជ្រុលនិយម» ហើយក្រោយមកត្រូវបានរុស្ស៊ីបញ្ចូលទៅក្នុងបញ្ជីរបស់ភ្នាក់ងារត្រួតពិនិត្យហិរញ្ញវត្ថុ Rosfinmonitoring ដែលជាបញ្ជីនៃអង្គការ «ភេរវករ និងពួកជ្រុលនិយម»។ ដោយឡែកទាក់ទិននឹងបញ្ហានេះរុស្ស៊ីធ្លាប់បានបិទ Facebook និង Instagram របស់ Meta រួចទៅហើយ បន្ទាប់ពីក្រុមហ៊ុនបច្ចេកវិទ្យានេះបានប្រឆាំងនឹងការរឹតបន្តឹងលើប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួន ក៏ដូចការបង្ហោះសារមួយចំនួនទាក់ទងនឹងសង្រ្គាមរវាងរុស្ស៊ី-អ៊ុយក្រែន ដែលប្រទេសនេះចាត់ទុកថាជាព័ត៌មានក្លែងក្លាយ។

ប្រភពពីលោក Anton Gorelkin ដែលជាឥស្សរជននយោបាយរុស្ស៊ីបានសរសេរសារនៅលើ Telegram ថា «ខ្ញុំគិតថាវាជារឿងដែលចាំបាច់ដើម្បីណែនាំការហាមឃាត់ទាំងស្រុងលើការប្រើប្រាស់ WhatsApp ជាពិសេសនោះគឺបុគ្គលិករដ្ឋ»។ ខណៈលោកបានបន្ថែមទៀតថា «មិនថាវាជាបញ្ហារបស់រុស្ស៊ី ឬប្រទេសដទៃនោះទេ រឿងដែលសំខាន់នោះគឺថា វាមិនមែនជាតួនាទីរបស់ក្រុមហ៊ុនបណ្តាញផ្សព្វផ្សាយដែលត្រូវចូលរួមដោយបើកចំហរនៅក្នុងសង្គ្រាមព័ត៌មានប្រឆាំងនឹងប្រទេសរបស់យើង»