(អង់គ្លេស)៖ តារាសម្តែងល្បីឈ្មោះ Dwayne Johnson ហៅ The Rock បានប្រាប់ទស្សនិកជនថា ខ្លួនមានសំណាងគ្រប់គ្រាន់ ក្នុងអាជីពរាប់ចាប់តាំងពីកីឡាចំបាប់ រហូតជាតារាភាពយន្ត។ ការអះអាងបែបនេះ គឺតាមរយៈការចូលរួមសម្ពោធចាក់បញ្ចាំងជាផ្លូវការ នូវខ្សែភាពយន្តថ្មីដែលលោកសម្តែងជាតួអង្គឯក មានចំណងជើងថា «Black Adam»។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន CNA នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២។
ជាក់ស្តែងរឿងបែប Superhero «Black Adam» របស់ចក្រវាឡភាពយន្ត DC ដែលមានអតីតតារាកីឡាកាស The Rock សម្តែងជាតួអង្គឯកនោះ បានសម្ពោធចាក់បញ្ចាំងជាផ្លវការនៅទីក្រុងឡុងដ៍ នៃចក្រភពអង់គ្លេស។ តួអង្គ Black Adam ត្រូវបានគេដឹងថា មានថាមពលដូចជា Superman អ៉ីចឹងដែរ ពោលគឺអាចប្រយុទ្ធតទល់គ្នាបាន។
តាមរយៈការចូលរួមសម្ពោធរឿងនេះ The Rock បានបញ្ជាក់ឲ្យដឹងថា ពីភាពសប្បាយរីករាយរបស់ខ្លួនយ៉ាងដូច្នេះថា «អ្វីគ្រប់យ៉ាង គឺខ្ញុំមានសំណាងគ្រប់គ្រាន់ហើយ ក្នុងការធ្វើការងារក្នុងអាជីពរបស់ខ្ញុំ រាប់ចាប់ពីកីឡាចំបាប់រហូតដល់ការថតកុន និងអាជីពផ្សេងៗទៀតដែលនៅចន្លោះ»។
គួរជម្រាបថា រឿង «Black Adam» នេះ គឺនឹងចាក់បញ្ចាំងនៅតាមរោងភាពយន្ត តាមបណ្តាប្រទេសមួយចំនួនចាប់ពីថ្ងៃទី២១ ខែតុលាតទៅ៕